ផ្លូវជាតិលេខ៣ និងផ្លូវក្នុងក្រុងព្រះសីហនុនឹងយកជាគំរូបំពាក់កាំម៉េរាចាប់ល្បឿនយានយន្ត

1672

(ភ្នំពេញ)៖ ផ្លូវជាតិលេខ៣ និងផ្លូវក្នុងក្រុងព្រះសីហនុនឹងយកធ្វើជាគំរូសម្រាប់ការបំពាក់កាំម៉េរាសុវត្ថិភាព ដើម្បីចាប់យានយន្តដែលបើកបរលើសល្បឿនកំណត់ទៅនឹងស្លាកសញ្ញា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅទៅដល់ខេត្តកំពត មានកន្លែងដាក់កាំម៉េរាសុវត្ថិភាព ដើម្បីចាប់យានយន្តបើកបរលើសល្បឿនកំណត់ចំនួន១០កន្លែង ខណៈផ្លូវមួយចំនួន ក្នុងក្រុងព្រះសីហនុ នឹងត្រូវយកជាគំរូ សម្រាប់មន្ត្រីនគរបាលចរាចរណ៍អនុវត្តការងារចាប់ល្បឿនយានយន្ត តាមកាំម៉េរាសុវត្ថិភាព។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពិធីពិធីប្រគល់ និងទទួលរនាំងសម្រាប់គោលដៅត្រួតពិនិត្យចរាចរណ៍ចំនួន៣០០រនាំង នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានឱ្យដឹងថា ក្រៅពីកាំម៉េរាសុវត្ថិភាពអចល័តទាំងនេះ ក៏នៅមានកាំម៉េរាចាប់ល្បឿនចល័តរបស់មន្ត្រីនគរបាលចរាចរណ៍នៅតាមបណ្តាផ្លូវជាតិ និងផ្លូវខេត្តទាំងនោះដែរ។ ឯកឧត្តម មានប្រសាសន៍ថា ក្នុងករណីថតបានយានយន្តបើកបរលើសល្បឿនកំណត់ នោះលិខិតផាកពិន័យនឹងត្រូវបញ្ជូនដល់ផ្ទះតែម្តង ដោយមិនឱ្យអ្នកបើកបរណាមួយរួចខ្លួនបាននោះឡើយ។

តាមការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា នៅពេលកាំម៉េរាសុវត្ថិភាពទាំងនោះ ត្រូវបានបំពាក់រួចរាល់ មន្ត្រីនគរបាលចរាចរណ៍ នឹងអនុវត្តសាកល្បងទៅលើការចាប់ល្បឿនយានយន្តដែលបើកបរលើសកំណត់ហើយ។ ឯកឧត្តម មានប្រសាសន៍ថា «កន្លែងណាក៏ដោយ ឱ្យតែមានសមត្ថភាពបំពាក់កាំម៉េរាសុវត្ថិភាពបាន យើងនឹងអនុវត្តសាកល្បង»។

យោងតាមអនុក្រឹត្យលេខ៣៩ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានកំណត់ថា អ្នកបើកបរដែលលើសល្បឿនបានកំណត់ចាប់ពី១ទៅ១៩គីឡូម៉ែត្រ ក្នុង១ម៉ោង ត្រូវផាកពិន័យ១២ម៉ឺនរៀល និងត្រូវផាកពិន័យ១២ម៉ឺនរៀល ចំពោះអ្នកបើកបរដែលលើសល្បឿនកំណត់ចាប់ពី២០ ទៅ២៩គីឡូម៉ែត្រ ក្នុង១ម៉ោង ខណៈអ្នកបើកបរដែលលើសល្បឿនចាប់ពី៣០ ទៅ៣៩គីឡូម៉ែត្រ ក្នុង១ម៉ោង ត្រូវផាកពិន័យ១៨ម៉ឺនរៀល និងចំនួន៣០ម៉ឺនរៀល ចំពោះអ្នកបើកបរលើសល្បឿនចាប់ពី៤០ គីឡូម៉ែត្រ ក្នុង១ម៉ោងឡើងទៅ៕

ប្រភព៖ ក្រសួងព័ត៌មាន