COVID-19៖ កម្ពុជាមាន ករណី ថ្មី ៧នាក់បន្ថែម និង៧នាក់ទៀតសះស្បើយ

1054

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាព្រឹក ថ្ងៃពុធនេះ បាន ប្រកាសពី ករណីឆ្លងកូវីដ-១៩ ចំនួន ៧ករណីទៀត ហើយស្របជាមួយគ្នា អ្នកជំងឺ៧នាក់បានជាសះស្បើយ។ ករណី បន្ថែមធ្វើ ឲ្យអ្នកជំងឺដែលឆ្លងនៅ កម្ពុជា កើន ដល់២៣៣នាក់ រីឯករណីសះស្បើយឡើង ដល់ ១៥៤នាក់ ដែលស្មើនឹង ៦៦.០៩ភាគរយ។

តាមសេចក្តីជូនដំណឹង អ្នកឆ្លងថ្មីទាំង ៧រូប មាន ៤រូបជាសមាជិក ក្រុមមួកខៀវមកពីម៉ាលី កាលពីថ្ងៃទី ១០ ខែកក្កដា ក្នុងចំណោម ៨០នាក់។ លទ្ធផល តេស្តលើកទី៣កាលពី ថ្ងៃទី២៨ ខែកក្កដា រកឃើញពួក គាត់មាន វិជ្ជមានកូវីដ-១៩។ រីឯ៣នាក់ទៀត ស្ថិតក្នុងចំណោមក្រុមអ្នកដំណើរពីឥណ្ឌូណេស៊ី ដែលបានមកដល់កម្ពុជាកាលពី ថ្ងៃទី ២៣ ខែកក្កដា ជាមួយមនុស្ស ៥៩នាក់ទៀត។

ដោយឡែក ករណីសះស្បើយទាំង៧ មាន បុរស ៦នាក់ដែលមានប្រវត្តិធ្វើដំណើរពីបណ្តាប្រទេសផ្សេងៗ និងស្រ្តី១នាក់ដែលជាសមាជិកក្រុមមួកខៀវ។ ពួកគាត់មានលទ្ធផលតេស្តអវិជ្ជមាន ២ដង ហើយត្រូវបានអនុញ្ញាតឲ្យ ចាកចេញពីមន្ទីរពេទ្យ៕