មាន សូនីតា ព្រមានចាត់វិធានការតាមផ្លូវច្បាប់ លើផេកហ្វេសប៊ុកមួយចំនួន យករូបនាងទៅបង្ហោះ ភ្ជាប់ជាមួយសារ អសុរសជាច្រើន

187

(ភ្នំពេញ)៖ ថ្មីៗនេះមានផេកហ្វេសប៊ុកមួយចំនួន បានយករូបតារាសម្តែង មាន សូនីតា ទៅបង្ហោះដោយភ្ជាប់ជាមួយនឹងពាក្យអសុរសជាច្រើន ដែលធ្វើឲ្យរូបនាងបានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងព្រមានចាត់វិធានការភ្លាមៗ ប្រសិនបើបណ្តាញសង្គមទាំងនោះ មិនលុបរូបនាងចោល និងធ្វើការកែតម្រូវ។

នៅរសៀលថ្ងៃទី២២ ខែកក្កដានេះថា រូបនាងបានឃើញផេកហ្វេសប៊ុកមួយចំនួន ដើម្បីតែចង់ល្បី ចង់ឲ្យមានអ្នក Like ច្រើន និងដើម្បីតែផលប្រយោជន៍ខ្លួនឯង បានយករូបសិចស៊ីរបស់នាងទៅបង្ហោះ ដោយភ្ជាប់ជាមួយនឹងសារសរសេរក្នុងន័យអសុរស មិនអាចទទួលយកបាន។

យ៉ាងណាមិញ មុននឹងព្រមានចាត់វិធានការតាមផ្លូវច្បាប់ មាន សូនីតា បានអំពាវនាវដល់អ្នកលេងបណ្តាញសង្គម និងអ្នកគាំទ្រទាំងអស់ មេត្តាជួយ Report ផេកទៅកាន់ហ្វេសប៊ុក ដើម្បីឲ្យលុបផេកទាំងនោះចោល ព្រោះបានធ្វើឲ្យប៉ះពាល់កិត្តិយសនាងយ៉ាងធ្ងន់ធ្ងរ ក្នុងនាមជាតារាល្បី។

មាន សូនីតា និយាយថា «ចា៎បង! ខ្ញុំបានឃើញផេកជាច្រើនបានយករូបខ្ញុំ ទៅធ្វើទង្វើដែលគ្មានប្រយោជន៍ ហើយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសខ្ញុំ ដោយដំបូងខ្ញុំសូមស្នើឲ្យហ្វេនជួយ Report ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុកជាមុនសិន។ ប៉ុន្តែប្រសិនបើផេកទាំងអស់នោះ នៅតែបន្តសកម្មភាពនេះដដែល ខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្តឹងទៅសមត្ថកិច្ចជំនាញ ដើម្បីស្វែងរកមុខអ្នកបង្កើតផេកទាំងអស់នេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»

ទោះបីជាយ៉ាងណា មាន សូនីតា បានបញ្ជក់បន្ថែមថា មិនមែនមានតែសម្រាប់រូបនាងទេ ដែលត្រូវបានជនអគតិយករូបភាពទៅកាត់ត និងបង្ហោះដោយភ្ជាប់ជាមួយនឹងសារអាក្រក់ៗ ស្តាប់ ជាច្រើន ។ ជាពិសេស តារាស្រី ដែលមានរូបសម្រស់ស្រស់ស្អាត ក្នុងន័យរកផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីការប៉ះពាល់ផ្លូវចិត្តរបស់អ្នកណាឡើយ។

មាន សូនីតា ក៏បានសំណូមពរទៅដល់ជនអគតិទាំងនោះ គួរធ្វើអ្វីមួយដើម្បីផលប្រយោជន៍សង្គម ជួយសង្គម មិនគួរណាយកចំណេះដឹងរបស់ខ្លួន មកប្រព្រឹត្តិទង្វើអសីលធម៌បែបនេះនោះទេ៕