ប៉ូលិសជាច្រើន ត្រូវបានដាក់ពង្រាយ ដើម្បីទប់ស្កាត់អ្នកគាំទ្រ Liverpool អបអរឈ្នះពាន រាត្រីនេះ

138

(លីវើភូល)៖ ប៉ូលិសក្នុងតំបន់ជាច្រើននាក់ត្រូវបានដាក់ពង្រាយ និងដាក់បម្រាមចំពោះអ្នកគាំទ្រក្លិបបាល់ទាត់ Liverpool មិនឲ្យចូលទៅក្នុងកីឡដ្ឋាន Anfield ដើម្បីអបអរពីការលើកពាន Premier League នារាត្រីនេះឡើយ គ្រាដែលអង់គ្លេសមិនទាន់ដកបម្រាមជួបជុំផងដែរ។

តាមរយៈគេហទំព័រកីឡា all football បានចេញផ្សាយនៅថ្ងៃនេះដែរថា ក្រុមហង្សក្រហម Liverpool មានការព្រួយបារម្ភចំពោះអ្នកគាំទ្រដែលនឹងមកទស្សនាក្នុងកីឡដ្ឋានរបស់ពួកគេប្រកួតទល់នឹង Chelsea ក្នុងក្របខណ្ឌ Premier League ដោយបានទទូចសុំម្តងហើយម្តងទៀត «សុំឲ្យមើលការប្រកួតនេះនៅគេហដ្ឋានវិញ»

បន្ថែមលើនេះ ហង្សក្រហមក៏មានការស្រងាកចិត្តខ្លះដែរចំពោះសកម្មភាពរបស់អ្នកគាំទ្រមួយចំនួន ដែលបានប្រមូលផ្តុំគ្នានៅឯតំបន់ Pier Pier នៅមុខកីឡដ្ឋានរបស់ក្លិប Liverpool នាល្ងាចនេះ ដើម្បីអបអរការឈ្នះជើងឯក Premier League ត្រឡប់មកវិញ ក្រោយរង់ចាំដោយអន្ទះសារអស់រយៈពេល ៣០ឆ្នាំមកនេះ។

ដើម្បីចៀសវាងហានិភ័យ ក៏ដូចជាដើម្បីបង្ហាជំងឺ COVID-19 ផងនោះ ប៉ូលិសជាច្រើន នឹងត្រូវដាក់ពង្រាយនៅពីមុខកីឡដ្ឋាន Anfield នៅមុនការប្រកួតរវាង Liverpool និង Chelsea ចាប់ផ្តើម។

គួរបញ្ជាក់ផងថា ពិធីអបអរនៃការឈ្នះពាន Premier League រដូវកាលឆ្នាំ២០១៩-២០២០ នេះ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Anfield តែម្តងដែលទឹកដីរបស់ក្លិប Liverpool ក្រោយប្រកួតទល់នឹង តោខៀវ Chelsea ចប់ ជាមួយនឹងការប្រកួតមិនត្រូវបានអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាក្នុងកីឡដ្ឋានឡើយ ហើយពិធីដង្ហែពាននៅខាងក្រៅកីឡដ្ឋាន និងតាមដងផ្លូវនៅទីក្រុង Liverpool នៅប្រទេសអង់គ្លេសមួយនេះ ក៏មិនត្រូវបានអនុញ្ញាតដូចគ្នា ដើម្បីចៀសវាងការជួបជុំ និងរីករាលដាលនៃជំងឹ Covid-19 ដែលពុំទាន់រកឃើញថ្នាំព្យាបាលនៅឡើយ៕