នាយករដ្ឋមន្ត្រី អំពាវនាវ​ដល់​ជនរួមជាតិ សូម​ចូលរួម​ថែរក្សា​សុខភាព និង​សុវត្ថិភាព ក្នុងការ​ធ្វើដំណើរ​នៅ​ទូទាំងប្រទេស​!

275

(​ភ្នំពេញ​)៖ ក្នុង​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ជូន​ជនរួមជាតិ នា​ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ ទី​១៩ ខែកក្កដា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ទោះបី​បងប្អូន​ធ្វើដំណើរ​ទៅ​ទីណា​ក៏ដោយ ទី​១ ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់ អំពី​សុវត្ថិភាព​ក្នុងពេល​បើកបរ គឺ​ត្រូវគោរព​ច្បាប់​ចរាចរណ៍​គ្រប់ៗ​គ្នា ព្រោះ​គ្រោះថ្នាក់ អាច​កើតឡើង​តែមួយ​វិនាទី​ប៉ុណ្ណោះ ប្រសិនបើ​យើង​ធ្វេសប្រហែស​មិន​គោរព​ច្បាប់​។ ទី​២ ត្រូវការពារ​សុវត្ថិភាព​សុខភាព​ខ្លួន​យើង និង​ក្រុមគ្រួសារ កុំអោយ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ អោយសោះ ព្រោះ​ជំងឺ​នេះ ឆ្លង​រាតត្បាត​លឿន​សាហាវ​ខ្លាំងណាស់ ដូច​នៅ​សហរដ្ឋអាមេរិក ដែល​ចំនួន​អ្នក​ឆ្លង​កំពុង​កើនឡើង​យ៉ាងគំហុគ​។ នៅ​កម្ពុជា​យើង មកទល់​ថ្ងៃនេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១៧១​នាក់ ព្យាបាល​បានជា​សះស្បើយ ១៣៦ នាក់ និង​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​ព្យាបាល​ពេលនេះ គឺមាន ៣៥​នាក់ (២​នាក់ ជា​មន្ត្រី​ស្ថា​ត​ទូត​អាមេរិក​)​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ភ្ញៀវទេសចរ ដែល​ធ្វើដំណើរ​មក​កម្ពុជា ត្រូវតែ​ធ្វើតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល អោយបាន​ខ្ជាប់ខ្ជួន ជាពិសេស​នៅពេលដែល​ពិនិត្យ​សុខភាព​រួចហើយ អនុញ្ញាតអោយ​រស់នៅ​ដាច់ដោយឡែក​ចំនួន ១៤ ថ្ងៃ គឺ​ត្រូវ​ទទួលខុសត្រូវ​ធ្វើតាម​បញ្ជា​ណែនាំ​របស់​ក្រសួងសុខាភិបាល អោយបាន​ដាច់ខាត ដើម្បី​សុវត្ថិភាព​សុខភាព​ខ្លួនឯង​ផង នឹង​សម្រាប់​អ្នកដទៃ​ផង​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ចឹ​ល​សម្លាប់​មេរោគ ឬ​ទឹក​អាល់កុល​។ ត្រូវ​ពាក់​ម៉ាស​ការពារ​អោយបាន​ល្អ ហើយ​កុំ​ធ្វេសប្រហែស​ដោយ​គិត​ខ្លី​ថា​មិន​អី​ទេ​។ ទីកន្លែង​ធ្វើ​អាជីវកម្ម​តូចធំ​រួមទាំង​ផ្សារ​រដ្ឋ និង​ឯកជន តូប​លក់​ឥ​វ៉ាន់​តូចធំ ដេប៉ូ​ចែកចាយ ហាង​កាហ្វេ ភោជនីយដ្ឋាន ការដ្ឋាន​សំណង់ ទីកន្លែង​កាត់សក់ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ​ដែល​បាន​អនុ​ញ្ញា​ត្តិ ធន​គារ និង​កន្លែង​ប្តូរប្រាក់​តូចធំ ក្លីនិក​តូចធំ ក្លីនិក​ធ្មេញ មន្ទីរពេទ្យ​រដ្ឋ និង មន្ទីរពេទ្យ​ឯកជន ត្រូវតែមាន​ចឹ​ល ទឹក​អាល់កុល និង​ម៉ាស សម្រាប់​ផ្តល់ជូន​អតិថិជន​ឬ​ក្រុមគ្រួសារ​អ្នកជំងឺ ដើម្បី​ទប់ស្កាត់​ការ​រិ​ក​រាលដាល​ចម្លងរោគ​ពី​ម្នាក់​ទៅ​ម្នាក់ ហើយ​ត្រូវ​បន្ត​ធ្វើតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​គ្រប់ពេល​»​។​

​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ក៏បាន​ជូនពរ​បងប្អូន​ជនរួមជាតិ ឲ្យ​បាន​ចៀស​ផុតពី​ជំងឺឆ្លង​រលាក​ផ្លូវដង្ហើម​កូ​វីដ​១៩ ទាំងអស់គ្នា​៕​