ចាន់ វឌ្ឍនាកា បន្ដគ្មានឈ្មោះលេង សូម្បីកៅអីបម្រុង ស្របពេលបឹងកេត លត់ទ័ព ៦-១

61

(ភ្នំពេញ)៖ ខ្សែប្រយុទ្ធដ៏មានប្រជាប្រិយ ចាន់ វឌ្ឍនាកា បានបន្ដគ្មានឈ្មោះលេង សូម្បីអង្គុយនៅកៅអីបម្រុង ក្នុងការប្រកួតសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា ស្របពេលក្រុមបឹងកេត បានយកឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ(ទ័ព) យ៉ាងចាស់ដៃ ៦-១ នៅកីឡដ្ឋាន Cambodia Airway ល្ងាចថ្ងៃសៅរ៍។

នេះជាប្រកួតទី៣ ហើយ ដែលកីឡាកររហស្សនាម CV-11 មិនត្រូវបានក្លិបបឹងកេតដាក់ឲ្យលេង សូម្បីមានឈ្មោះក្នុងកៅអីបម្រុង សម្រាប់ ៣ប្រកួតចុងក្រោយរបស់ខ្លួន ពោលគឺតាំងពីប្រកួតសប្ដាហ៍ទី៤ ជាមួយនគរបាលជាតិ (មុនផ្អាកការប្រកួតបណ្ដោះអាសន្ន ដោយសារវិបត្តិកូវីដ-១៩) ប្រកួតសប្ដាហ៍ទី៦ ជាមួយគិរីវង់សុខសែនជ័យ និងចុងក្រោយប៉ះក្រុមទ័ពម្សិលមិញ។

ជាមួយការអវត្តមានរបស់តារាជើងស៊ុតរូបនេះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ហើយក៏ស្ទើរមិនគួរឲ្យជឿផងដែរ។ ប៉ុន្ដែបើតាមការបញ្ជាក់របស់គ្រូបង្វឹកបណ្ដោះអាសន្នលោក គឹម ភក្ដី កាលពីថ្មីៗ បានអះអាងថា លោកផ្ដោតលើកីឡាករជារួម មិនគិតលើកីឡាករម្នាក់ៗនោះទេ។ ដូច្នេះក្នុងលក្ខខណ្ឌកីឡាករទាំងអស់ធ្វើការរួមគ្នាបានល្អ ពួកគេនឹងមានវត្តមានលើទីលាន។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតចុងក្រោយរបស់បឹងកេតម្សិលមិញ ទោះបីគ្មានវត្តមាន ចាន់ វឌ្ឍនាកា យ៉ាងណា តែពួកគេធ្វើបានយ៉ាងល្អក្នុងដីរបស់ខ្លួន ដោយបានលត់ក្រុមទ័ពដល់ទៅ ៦-១ ។ ៦គ្រាប់ជួបឲ្យអតីតក្រុមជើងឯក ៣សម័យទទួលបាន ៣ពិន្ទុ ធ្វើសម្រេចដោយកីឡាករ Mizuno Hikaru, ម៉ាត់ នូរុណ, និង លី មីហ្សាន ម្នាក់ ១គ្រាប់ ហើយ ៣គ្រាប់ទៀត ធ្វើបាន Hat-Trick ដោយកីឡាករ Santana Franc។

បច្ចុប្បន្នបឹងកេត បានឡើងឈរលេខ២ បណ្ដោះអាសន្ន បន្ទាប់ពីឆ្លងកាត់ ៧ប្រកួត ឈ្នះ ៥ និងស្មើ ២ មិនទាន់ស្គាល់ចាញ់ឡើយ ដោយរកបាន ១៧ពិន្ទុ។ យ៉ាងណាមិញបឹងកេត នៅសល់ ១ប្រកួតក្នុងដៃ ដ្បិតក្រុមភាគច្រើន សុទ្ធតែបានឆ្លងកាត់ ៨ប្រកួត រួមទាំងការប្រកួតសប្ដាហ៍ទី៨ នេះ៕