មានសង្ឃឹមហើយ! ឧកញ៉ា ឌួង ឆាយ ប្រកាសជួយក្មេងស្រីរងគ្រោះដែលត្រូវគេវះមុខដេរជាង ១០០ ថ្នេរ

2611

(ភ្នំពេញ)៖ ​ក្រោយក្មេងស្រីអាយុ ៥ ឆ្នាំ ម្នាក់រងគ្រោះដោយសារស្រ្តីម្នាក់យកកាំបិតវះមុខ ច្រមុះ​ និងដៃ របួសធ្ងន់ធ្ងររហូតដល់ដេរជាង ១០០ ថ្នេរនោះ ពេលនេះលោក ឧកញ៉ា ឌួង ឆាយ និងភរិយា បានប្រកាសថានឹងជួយព្យាបាលអ៊ុតមុខដល់ក្មេងស្រីដល់ប្រទេស ថៃ​ និង កូរ៉េ នៅពេលដែលស្ថានភាពមុខរបួសនាងបានប្រសើរឡើងវិញ។

យោងតាមគណនីផេកលោក ឧកញ៉ា ឌួង ឆាយ បានឱ្យដឹងថា ៖ “ខ្ញុំបាទ និងភរិយាសន្យានឹងជួយក្មួយស្រីទៅមន្ទីរពេទ្យដើម្បីព្យាបាលអ៊ុតមុខនៅប្រទេសថៃ ឬ នៅប្រទេសកូរ៉េនៅពេលជំងឺក្មួយបានជាសះស្បើយ និងស្ថានភាពជំងឺកូវីដ-19 ប្រសើរឡើង។ កូនគេកូនយើង ថារង់ចាំស្អែកព្រឹកបានទៅសួរសុខទុក្ខក្មួយឱ្យក្មួយសំរាកសិន ប៉ុន្តែស្អែកព្រឹកមានធុរៈរវល់ទៅខេត្ត ខ្ញុំពិតជាអាណិតម្តាយក្មួយស្រីណាស់មានផ្ទៃពោះពរពោះជិត ៨ ខែមកត្រូវឃើញកូនស្រីខ្លួនឯងបែបនេះជាពិសេសអាណិតក្មួយស្រីនៅតូចមិនដឹងអីត្រូវជួបរឿងអកុសលនិងព្រៃផ្សៃបែបនេះ ផ្ទៃមុខត្រូវបានដេរអស់ជាង 100 ថ្នេរនិងដៃអស់ជាង 20 ថ្នេរ។ ខ្ញុំបាទមានការអាណិតអាសូរខ្លោចផ្សារក្នុងចិត្តជាទីបំផុត និងសួរសុខទុក្ខលើកទឹកចិត្តក្រុមគ្រួសារក្មួយស្រីព្រមទាំងជូនថវិកាសម្រាប់ក្មួយ ជូនពរក្មួយឆាប់ជាសះស្បើយ។ ពូមីងបងប្អូនអាចចូលរួមសួរសុខទុក្ខនៅមន្ទីរពេទ្យកុមារជាតិ និងអាចបរិច្ចាគជាថវិកាទៅកាន់គ្រួសារក្មួយស្រីផ្ទាល់តាមរយៈ ABA 000830320 Nhang Vanny 017797322 ” ។

គួរបញ្ជាក់ឱ្យដឹងថា ក្មេងស្រីអភ័ព្វនេះរងគ្រោះព្រោះតែនាងបានយកដុំថ្មគប់កូនស្រីស្រ្តីដៃដល់បែកក្បាលដេរអស់ពីថ្នេរ ហើយក្រោយថ្ងៃកើតហេតុពីរថ្ងៃស្រ្តីដៃដល់ក៏បានចាប់ក្មេងស្រីរងគ្រោះ យកកាំបិតឆូតមុខធ្វើទារុណកម្មបែបនេះតែម្ដង។

បច្ចុប្បន្នស្រ្តីដៃដល់ត្រូវបានកម្លាំងមានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន រង់ចាំការកាត់ក្ដីពីតុលាការ។ ចំណែកឯក្មេងស្រីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ៕