គ្រូបង្វឹក U19 កម្ពុជាថា យុវជនចេញទៅក្លិប ហើយអង្គុយនៅកៅអីបម្រុងគឺជាបញ្ហាធំមួយ

185

(ភ្នំពេញ)៖ លោក Gyotoku Koji គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ឆ្នាំបានចាត់ទុកយុវជនដែលចេញទៅលេងតាមក្លិប ហើយបានត្រឹមអង្គុយនៅកៅអីបម្រុងមិនបានលេង គឺជាបញ្ហាប្រឈមមួយត្រូវដោះស្រាយ ហើយវាក៏អាចជះឥទ្ធិពលដល់ការត្រៀមប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U-19 Championship Uzbekistan 2020 នៅប្រទេសអ៊ូបេគីស្ថាននាខែតុលាខាងមុខផងដែរ។

ការលើកឡើងនេះ បន្ទាប់ពីលោកបានកោះហៅកីឡាករ ៣៩នាក់ ដើម្បីធ្វើតេស្ដចម្រាញ់កីឡាករឆ្នើម ២៣នាក់ ត្រៀមការប្រកួតជុំផ្ដាច់ព្រ័ត្រពានយុវជនប្រចាំទ្វីបអាស៊ីខាងលើ។ ប៉ុន្ដែកីឡាករមួយចំនួនដែលធ្លាប់ជួយក្រុម U19 កម្ពុជា កាលពីវគ្គជម្រុះ និងមានឱកាសលេងលីគច្រើន កាលលេងជាមួយយុវជនសាលាបាល់ទាត់ជាតិបាទី ឥឡូវមិនសូវមានឱកាសបង្ហាញខ្លួនក្នុងលីគឡើយ ក្រោយពួកគេផ្ទេរទៅតាមក្លិប។

លោកបញ្ជាក់ថា «ពាក់ព័ន្ធចំណុចនេះ គឺជាបញ្ហាមួយ សម្រាប់កីឡាករ នៅពេលដែលគាត់អត់បានលេង គឺគាត់ធ្លាក់ទម្រង់លេងហើយ ការលេងរបស់គាត់គឺធ្លាក់ចុះ ហើយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមដែលខ្ញុំឭមក គឺដោយសារតែមានបញ្ហានេះហើយ បានជាសហព័ន្ធគាត់បង្កើតលីគទី២ ដើម្បីឲ្យកីឡាករយុវជនមានឱកាសក្នុងការលេងច្រើន»។

យ៉ាងណាមិញគ្រូបង្វឹកជនជាតិជប៉ុនរូបនេះបានអះអាងថា បញ្ហានេះ មិនមែនមានតែនៅកម្ពុជានោះទេ ប្រទេសផ្សេងទៀត ក៏កំពុងរកដំណោះស្រាយដែរ។ លោកថា «សម្រាប់ប្រទេសផ្សេងៗ ក៏គេបារម្ភពីរឿងហ្នឹងដែរ យុវជនមួយចំនួន ដែលចេញទៅលេងនៅក្លិបធំៗ គឺអត់បានលេងច្រើន អង្គុយនៅកៅអីបម្រុង ហើយគេក៏កំពុងរកដំណោះស្រាយ ទាក់ទងយុវជនចេញទៅក្លិប ហើយអត់បានលេងហ្នឹងដែរ»។

ដោយឡែកពាក់ព័ន្ធការប្រមូលផ្ដុំដំណាក់កាលធ្វើតេស្ដរបស់ក្រុម U19 កម្ពុជាវិញ លោក Gyotoku Koji សង្កត់ធ្ងន់ថា កីឡាករទាំងអស់ មិនប្រាកដមានឈ្មោះរហូតនោះទេ គឺអាស្រ័យលើការហ្វឹកហាត់ កម្លាំង និងការខំប្រឹងរបស់ពួកគេ ហើយកីឡាករមួយចំនួនដែលមិនទាន់មានក្នុងបញ្ជី ក៏លោកអាចនឹងធ្វើការកោះហៅដែរ ប្រសិនបើពួកគេធ្វើបានល្អជាមួយក្លិប ក្នុងការប្រកួតលីគកំពូលកម្ពុជា។

លោកបន្ថែមថា ពួកយើងព្យាយាមហ្វឹកហាត់ត្រៀមជានិច្ច សម្រាប់ចូលរួមប្រកួតពានរង្វាន់យុវជនអាស៊ាន (AFF) និងជើងឯកយុវជនអាស៊ី (AFC) ឆ្នាំ២០២០។ ប៉ុន្ដែដោយសារបញ្ហា Covid-19 ដែលជំរុញឲ្យកម្មវិធីប្រកួតអាចនឹងមានការពន្យារពេល។ ដូច្នេះអ្វីៗ គឺមិនទាន់មានភាពច្បាស់លាស់នោះទេ ប៉ុន្ដែលោកនឹងត្រៀមខ្លួនឲ្យបានល្អមុនការប្រកួតមកដល់។

សម្រាប់ការប្រកួតជុំផ្ដាច់ព្រ័ត្រពាន AFC U-19 Championship Uzbekistan 2020 គ្រោងចាប់ផ្ដើមថ្ងៃទី១៤-៣១ ខែតុលា ដោយកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះអ៊ូបេគីស្ថាន ឥណ្ឌូនេស៊ី និងក្រុមខ្លាំងអ៊ីរ៉ង់។ ចំពោះកម្មវិធីប្រកួត កម្ពុជា ត្រូវជួបឥណ្ឌូនេស៊ីមុនគេ នាថ្ងៃទី១៤-តុលា បន្ទាប់មកជួបក្រុមម្ចាស់ផ្ទះអ៊ូបេគីស្ថាន នាថ្ងៃទី១៧-តុលា និងចុងក្រោយជួបក្រុមលេខ២ នៅអាស៊ី គឺក្រុម U19 អ៊ីរ៉ង់ នៅថ្ងៃទី២០-តុលា ឆ្នាំ២០២០៕