ប្រវត្តិនៃចិញ្ចៀនបុរាណ សម័យហ្វូណន មុន ស.វទី៦ ​ពិតជាអស្ចារ្យខ្លាំង ​មានរូបប្រាសាទពីលើគួរឱ្យស្ញប់ស្ញែង

145

នៅក្នុងស្រុកអង្គរបុរី នៅខេត្តតាកែវបច្ចុប្បន្ន ដែលជាទីក្រុងនៃរាជធានីចាស់មួយរបស់អាណាចក្រហ្វូ-ណន អ្នក ស្រុកបានរកឃើញនៅឆ្នាំ១៩៩៣ នូវចិញ្ជៀនមួយចំនួនធ្វើអំពីស្ពាន់និងប្រាក់ ដែលលំអដោយក្បាច់ជាប្រាសាទ (ប្រាសាទលើចិញ្ចៀនសម័យហ្វូ-ណនមុនស.វទី៦ អង្គរបុរី (មត ១៩៩៨) ។

ប្រសិនបើគេមើលលក្ខណៈរបស់ប្រាសាទសប្បនិមិត្តទាំងនោះវិញ គេក៏សង្អេតឃើញថា មានលក្ខណៈ ប្រហែលនឹងប្រាសាទអាស្រមមហាឥសី ដែលស្ថិតប្រមាណជា៣គ.ម ពីស្រុកអង្គរបុរី។ មានន័យថា ប្រាសាទទាំងនោះ ស្ថិតក្នុង សម័យហ្វូ-ណន ដោយឥតសង្ស័យ។ គួរកត់សម្គាល់ផងដែរថា វត្តមានរបស់បុរាណវត្ថុទាំង នោះ បានបង្ហាញឲ្យដឹងនូវលក្ខណៈពិតប្រាកដរបស់ប្រាង្គប្រាសាទ ក្នុងសម័យហ្វូ-ណនយ៉ាងជាក់ច្បាស់។ សរុបសេចក្ដីមក ផ្អែកលើចម្លាក់ចិញ្ចៀនទាំងប៉ុន្មាននេះ គេពុំចាំបាច់សង្យ័យឡើយ ពោលគឺ បុព្វបុរសយើង លោកចេះសាងសង់ប្រាសាទ តំាងពីស.វទី២ ដល់ទី៥ រួចស្រេចទៅហើយ។ គ្រាន់តែថា ភាពសម្បូណ៍បែប និង ភាពរីកចម្រើននៃសំណង់ ស្ថាបត្យកម្មឥដ្ឋ ទាំងនោះ វាមានប្រភពចេញពីប្រទេសឥណ្ឌាខាងត្បូងតែប៉ុណ្ណោះ ។

សូមជម្រាបថា ក្នុងចំណោមចម្លាក់ ប្រាសាទ នៅលើចិញ្ចៀនស្ពាន់និងប្រាក់ យើងបានឃើញនៅលើចិញ្ចៀន ខ្លះចំនួនប្រាសាទមានទៅដល់៥ ពោលគឺមួយ ធំនៅចំ កណ្ដាល និងបូនទៀតនៅជ្រុងនីមួយៗនៃមុំ។ ជាទូទៅ ប្រាសាទនាសម៍យនោះ ច្រើនតែជាប្រាសាទទោល មិនមែនសាងសង់ជាក្រុមនោះទេ។ ប្លង់ប្រាសាទទាំងពីរប្រភេទនេះ ដែលត្រូវបានបង្កើតឡើងនាសម័យហ្វូ-ណន ហើយឆ្លុះបញ្ជាំងឲ្យឃើញនូវការ វិវត្តន៍ផ្នែកស្ថាបត្យកម្ម រួចមកហើយ ពីប្រាសាទទោលទៅដល់ក្រុមប្រាសាទ ដែលមានលក្ខណៈស៊ាំញ៉ាំ គួរឲ្យចាប់អារម្មណ៍។ដោយសារតែប្រការនេះហើយ ទើបយើងត្រូវតែទទួលស្គាល់ថា គឺប្រាង្គប្រាសាទនាសម័យហ្វូ-ណន ដែលបានឲ្យកំណើតទៅឲ្យប្រាសាទនាសម័យចេនឡា និងដើមសម័យអង្គរយ៉ាងប្រាកដ។

ក្នុងឯកសារប្រវត្តិសិល្បៈខ្មែរ របស់លោក ប័សស៊ឺលិយេ ឬហ្គ្រោលីយេ មិនបានបញ្ជាក់អំពីវត្តមានរបស់ប្រាង្គប្រាសាទខ្មែរនាសម័យហ្វូ-ណន ឬនគរភ្នំទេ ដោយសារគ្មានភ័ស្ដុតាងជាក់ស្ដែង។ នាដើមស.វទិ២១ យើងនេះ បើសិនជាយើងយោងទៅលើរបកគំហើញនូវរូបចម្លាក់ប្រាសាទទាំងនោះយើងអាចនិយាយបានថា ខ្មែរបានចេះ សាងសង់ប្រាសាទរួចមកហើយមុនស.វទី៦ និង៧។ ហេតុនេះ នាដើមសម័យហ្វូ-ណន មិនមែនខ្មែរមិនទាន់ចេះ សាងសង់ប្រាង្គប្រាសាទតាមលំនាំនៃលោកធាតុវិទ្យាឥណ្ឌា ដើម្បីតម្កល់ព្រះទេវរូបជាទីគោរពសក្ការៈរបស់ខ្លួន នោះទេ ទោះបីជា បូជនិយដ្ឋានទាំងនោះត្រូវបានដូលរលំ ឬត្រូវបានបាត់បង់អស់ក្ដី។ (ម.ត្រាណេ)