ទំនើបមែន ! កម្ពុជា យើងមានម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ដើម្បីទុកសម្អាតតាមដងផ្លូវ និងតាមសួនច្បារ

756

(ភ្នំពេញ)៖ យោងតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានកំពុងសាកល្បងម៉ាស៊ីនបូមសម្អាតធូលី ស្លឹកឈើ និងសំរាម ចំនួន ០២គ្រឿង ដើម្បីអាចបោសសម្អាតនៅតាមដងផ្លូវ និងតាមសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា ម៉ាស៊ីនទាំងពីរ គ្រឿងនេះ គឺជាអំណោយរបស់ទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ដែលជាទីក្រុងចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។

ម៉ាស៊ីនបូមទាំងពីរខាងលើនេះ គឺសមត្ថភាពប្រើប្រាស់សម្រាប់បោសសម្អាតនៅក្នុងបរិវេណដែលផ្ទៃដីទំហំ ១៦០០០ ម៉ែត្រការ៉េក្នុង១ម៉ោង និងអាចបូមសម្អាតបាន ៨គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវានឹងជួយសម្រួលដល់ការបោកសម្អាតតាមដងផ្លូវ និងសួនច្បារឲ្យកាន់តែមានភាពងាយស្រួល និងមានអនាម័យ ដើម្បីឲ្យទីក្រុងភ្នំពេញរបស់យើងមានភាពស្រស់ស្អាត និងកាន់តែមានសោភណ្ឌភាព។

គួរបញ្ជាក់ថា ចំពោះការងារសម្អាតធូលី ស្លឹកឈើ សំរាម និងអនាម័យ នៅតាមផ្លូវសាធារណៈតាមសួនច្បារនានា តាមទីផ្សារនានាត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ជាចម្បងដើម្បីថែរក្សាអនាម័យ និងសុខមាលភាពជូនប្រជាពលរដ្ឋក្នុងទីក្រុងផង និងដើម្បីសោភ័ណ្ឌភាពទីក្រុងភ្នំពេញផង ដោយលោកបានចាត់ចែងដល់អង្គភាព ជំនាញធ្វើកិច្ចការងារនេះដោយផ្ទាល់៕