ប្រធានរដ្ឋបាលរោងចក្រផលិតស្បែកជើង​ (ឈី មិង ស៊ីន ហ្វេកធើ រី ឯ-ក) ទាមទារលុយថ្លៃឈ្នួលទីតាំង និងថ្លៃភាស៊ីអនាម័យថ្លៃហួសកម្រិតពេក ក្រុមអាជីវករលក់ដូរមុខរោងចក្រផ្ទុះការតវ៉ា

724

(កណ្តាល)៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមអាជីវករលក់ដូរនៅមុខរោងចក្រផលិតស្បែកជើង ( ឈី មិង ស៊ីន ហ្វេក ធើរី ឯ-ក ) ស្ថិតនៅភូមិស្វាយលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលប្រមាណជិត១០០នាក់បានផ្ទុះការតវ៉ា បន្ទាប់ពីលោក សុខ គាង ប្រធានរដ្ឋបាលរោងចក្រខាងលើនេះ បានហៅពួកគាត់ទៅប្រជុំទាមទារតម្លៃឈ្នួលទីតាំង និងថ្លៃភាស៊ីអនាម័យថ្លៃហួសកម្រិតដែលពួកគាត់មិនអាចរកប្រាក់បង់ថ្លៃឈ្នួល និងភាស៊ីទៅតាមការទាមទាររបស់ប្រធានរដ្ឋបាលរោងចក្ររូបនេះបាន ។

ក្រុមអាជីវករខ្លះបាននិយាយថា ពួកគាត់លក់ដូចជាទឹកបរិសុទ្ធ និង គ្រឿងកំប៉ុងដាក់ក្នុងធុងទឹកកកតែមួយធុងតូចខាងរដ្ឋបាលរោងចក្រទាមទារយកថ្លៃឈ្នួលទីតាំងមួយខែឲ្យបង់១៥ម៉ឺនរៀល និងថ្លៃភាស៊ីមួយថ្ងៃ៣០០០រៀលបន្ថែមពីលើថ្លៃឈ្នួលទីតាំង១៥០០០០រៀលទៀត ។

ចំណែកអ្នកលក់បាយលក់ម្ហូប លក់លៀសហាល លក់ទឹកអំពៅ លក់គ្រឿងជ្រលួក ( គ្រឿងម្ជូ )គ្រែតូចដាក់បានមួយថាស់ក៏តម្រូវឲ្យបង់ថ្លៃឈ្នួលទីតាំងមួយខែ ១៥ ម៉ឺនរៀលនិងយកថ្លៃភាស៊ីអនាម័យក្នុងមួយថ្ងៃ៣០០០រៀលដែរ ។

ក្រុមអាជីវករខ្លះទៀតក៏បាននិយាយឲ្យដឹងដែរថា អ្នកលក់ដូរដែលបង់លុយឲ្យរដ្ឋបាលរោងចក្រក្នុងមួយខែ១៥ម៉ឺនរៀល និងថ្លៃភាស៊ីអនាម័យក្នុងមួយថ្ងៃ៣០០០រៀលនោះគឺចល័តទីតាំងទេ ។ បានន័យថា កន្លែងដែលពួកគាត់លក់ដូរនោះមិនមែនជាកន្លែងដែលទទួលបានសិទ្ធិផ្តាច់មុខទេ អ្នកណាក៏អាចដាក់លក់បានដែរ ។

ដោយឡែកអ្នកដែលបោះទីតាំងជាតូបលក់ដូរពេញសិទ្ធិដែលមិនអាចអ្នកណាមកលូកលាន់បានដូចជា លក់បាយ លក់ម្ហូប លក់កាហ្វេ លក់គ្រឿងកំប៉ុង ទឹកបរិសុទ្ធជាដើមដែលមានតូបទំហំមួយម៉ែត្របួនជ្រុងត្រូវបង់ថ្លៃឈ្នួលតូបក្នុងមួយខែ២០០ដុល្លារសហរដ្ឋអាមេរិក និងថ្លៃភាស៊ីក្នុងមួយថ្ងៃ៣០០០រៀលថែមទៀត ។

ក្រុមអាជីវករស្នើសុំបង់តែថ្លៃភាស៊ីអនាម័យក្នុងមួយថ្ងៃតែ ៥០០ ទៅ ១០០០រៀលប៉ុណ្ណោះ ចំណែកថ្លៃឈ្នួលតូបនិងទីតាំងក្នុងមួយ១៥ម៉ឺនរៀលនិង ២០០ដុល្លារនោះពួកគាត់មិនព្រមបង់ឲ្យទេ ។ ពីព្រោះពួកគាត់លក់ដូរសព្វថ្ងៃនេះមិនសូវដាច់ទេ ដោយសារកូវីដ-19 ។

ពាក់ព័ន្ធនឹងករណីនេះ ភ្នាក់ងារសារព័ត៌មានមិនអាចសុំការបំភ្លឺពីលោក សុខ គាង បានទេ ដោយសារទូរស័ព្ទរបស់លោកទាក់ទងចូលនៅរសៀលថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២០ តែពុំមានអ្នកលើកទទួល ៕