គណបក្សប្រជាជនកម្ពុជា គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ

742

គណបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមានឈ្មោះថា បក្សប្រជាជន បដិវត្តខ្មែរ បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មកដល់ពេលនេះ បានគម្រប់ខួប ៦៩ឆ្នាំ ហើយ (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២០) ។ ប្រជាជនកម្ពុជាទូទាំងប្រទេស សូមចូលរួមអបអរខួបលើកទី៦៩ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដោយប្តេជ្ញាយ៉ាងមុតមាំក្នុងការគាំទ្រ ថែរក្សាការពារឲ្យបានធ្លុងសាមគ្គីជាតិ ឯកភាពជាតិ សុខសន្តិភាព និងការអភិវឌ្ឍ ស្របតាមគោលនយោបាយដ៏ឧត្តុង្គឧត្តមរបស់គណបក្ស ។

ក្នុងរយៈពេល ៦៩ឆ្នាំ កន្លងទៅនេះ ទោះបីត្រូវប្រឈមនឹងការវិវត្តន៍ដ៏ស្មុគស្មាញបំផុតនៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា ដែលមានប្រភពកើតចេញពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងរបបអាណានិគមនិយមបារាំង ដើម្បីឯករាជ្យជាតិ បានផ្សារភ្ជាប់ខ្លួនយ៉ាងជិតស្និតជាមួយជោគវាសនារបស់ជាតិ និងប្រជាជន ។ ដោយឡែកក្នុងរយៈពេលជាង ៤០ឆ្នាំចុងក្រោយ ចាប់ពីមហាជ័យជម្នះ ៧ មករា ១៩៧៩ គណបក្សប្រជាជនកម្ពុជាបានសម្រេចសមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យជូនជាតិ ដែលធ្វើឲ្យប្រទេសជាតិមានការផ្លាស់ប្តូរស្ទើរស្មានមិនដល់ ។

ជាក់ស្តែងគណបក្ស បានដឹកនាំការតស៊ូដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ដោយបានសង្គ្រោះជាតិឲ្យរួចផុតពីសេចក្តីស្លាប់ នាំមកវិញនូវសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ កិត្តិយ​ស និងសេចក្តីថ្លៃថ្នូរជូនប្រជាជន ។ គណបក្សបានស្តារ និងកសាងប្រទេសជាតិឡើងវិញដែលត្រូវចាប់ផ្តើមពីលេខសូន្យ ហើយត្រូវស្ថិតក្នុងស្ថានភាពត្រូវគេហ៊ុំព័ទ្ធ និងឯកោយ៉ាងអយុត្តិធម៌ថែមទៀត ធ្វើឲ្យសង្គមជាតិមានការប្រែប្រួលរីកចម្រើនជាជំហានៗ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឲ្យកម្ពុជាឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ដ៏ខ្លាំងក្លា លើគ្រប់វិស័យនាពេលបច្ចុប្បន្ន ប្រជាជនកាន់តែមានជីវភាពធូរធារ ឯភាពក្រីក្រត្រូវបានកាត់បន្ថយយ៉ាងច្រើន ។

គណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូលក្នុងដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងការបង្កើតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ដែលអនុវត្តនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស។ គណបក្សបានម្ចាស់ការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ដែលបានធ្វើឲ្យរលំរលាយជាស្ថាពរនូវអង្គការចាត់តាំងនយោ​បាយ និងយោធារបស់ពួកឧទ្ទាមខ្មែរក្រហម បញ្ចប់ទាំងស្រុងនូវភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ  បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីក្នុងក្របខណ្ឌនៅទាំងប្រទេសចាប់តាំងពីចុងឆ្នាំ១៩៩៨មក ធ្វើឲ្យប្រជាជន បានរស់នៅយ៉ាងសុខសាន្ត និងផ្តល់ភាពអនុគ្រោះយ៉ាងធំធេងដល់ការអភិវឌ្ឍប្រទេសជាតិ ។

គណបក្សបានជំរុញការអនុវត្តការកែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងទូលំទូលាយប្រកបដោយផ្លែផ្កា ដើម្បីលប់បំបាត់នូវចំណុចខ្សោយ និងការខ្វះខាតទាំងឡាយ ធានានូវអភិបាលកិច្ចល្អនៅគ្រប់ថ្នាក់ឲ្យឆើ្លយតបនឹងសំណូមពរនៃការរីកចម្រើនរបស់សង្គមជាតិ និងសំណូមពរនៃការកែលម្អជីវភាពរបស់ប្រជាជន ធានានូវយុត្តិធម៌ និងសមធម៌ក្នុងសង្គម ។ គណបក្សបានថែរក្សា ពង្រឹង និងលើកស្ទួយឥតឈប់ឈរនូវលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម រក្សាស្ថិរភាពនយោបាយ ទប់ស្កាត់រាល់ឧបាយកល និងសកម្មភាពរបស់ពួកប្រឆាំង មជ្ឈដ្ឋានអគតិ និងពួកអមិត្តដែលតែងតែរកគ្រប់វិធីបំបែកបំបាក់សាមគ្គីជាតិ បំផ្លាញការរស់នៅដ៏សុខសាន្តរបស់ប្រជាជន នាំប្រទេសជាតិឲ្យធ្លាក់ទៅក្នុងអសន្តិសុខ អស្ថិរភាព និងសង្គ្រាមជាថ្មីទៀត ។

គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសអ្នកណាក៏អាចរស់នៅជាមួយបាន​ដោយសុខសាន្ត មានសិទ្ធិសេរីភាពពេញលេញទោះបីជាមានអតីតកាល ឬនិន្នាការនយោបាយផ្សេងៗគ្នាក្តី។ គណបក្សបានការពារយ៉ាងគត់មត់នូវខឿនឯករាជ្យ អធិបតេយ្យ និងបូរណ​ភាពទឹកដីរបស់កម្ពុជា មិនឲ្យបាត់បង់សូម្បីតែមួយចំណែកតូចណាឡើយ ហើយមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាងភូមិផងរបងជាមួយ ក៏ដូចជាមួយសហគមន៍អន្តរជាតិទាំងមូល ។ គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយដ៏ត្រឹមត្រូវ ដើម្បីអភិវឌ្ឍមាតុភូមិ ដែលឆ្លើយតបទាំងស្រុងទៅនឹងឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនគ្រប់រូបនៅគ្រប់មូលដ្ឋាន ។

គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋានការពិតជាក់ស្តែងនៃការរីកចម្រើនរបស់សង្គមជាតិ ព្រមទាំងការឆ្លើយតបចំពោះសំណូមពរធំៗ ថ្មីៗទៀតក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ និងការលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជនឲ្យកាន់តែប្រសើរឡើង ។ គណបក្សមានសមត្ថភាព និងលទ្ធភាពពិតក្នុងការអនុវត្តឲ្យបានសម្រេចនូវគោលនយោបាយនេះ ក្នុងជំហរ ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ

គណបក្សប្រជាជនកម្ពុជាមានថ្នាក់ដឹកនំាប្រកបដោយគតិបណ្ឌិត និងឧត្តមគតិស្នេហាជាតិដ៏ខ្ពង់ខ្ពស់ ជាថ្នាក់ដឹកនាំដែលប្រសូតចេញពីប្រជាជន យល់ដឹងច្បាស់អំពីសុខទុក្ខរបស់ប្រជាជន ហើយផ្សារភ្ជាប់ខ្លួនជាមួយប្រជាជននៅគ្រប់កាលៈទេសៈ និងស្ថានភាព។ គណបក្សមានអង្គការចាត់តាំងនៅគ្រប់ថ្នាក់ នៅគ្រប់ឃុំ សង្កាត់ មានជួរមន្រ្តីប្រកបដោយគុណភាព និងសមត្ថភាព និងមានសមាជិកដ៏ច្រើនកុះករ ដែលជាកម្លាំងចូលរួមគាំទ្រមិនចេះរីកស្ងួតរបស់គណបក្ស ។ គណបក្សប្រជាជនកម្ពុជាមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំឥតរង្គោះរង្គើរតាំងពីលើដល់ក្រោម ដែលធ្វើឲ្យគណបក្សអាចសម្រេចបានជោគជ័យនូវគ្រប់ភារកិច្ច ។

ដោយឡែក ក្នុងឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានលើកកម្ពស់ធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រមូលកម្លាំងប្រជាជាតិទាំងមូលការពារប្រព័ន្ធគ្រប់គ្រងប្រទេសតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ការពារព្រះមហាក្សត្រ និងការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដោយបានបំផ្លាញចោលឧបាយកលរបស់ក្រុមក្បត់ជាតិ ធានាឱ្យប្រទេសជាតិរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងដំណើរការអភិវឌ្ឍន៍លើគ្រប់វិស័យជាបន្តទៀត ។

ក្នុងឆ្នាំ២០២០ អាស្រ័យដោយការឆ្លងរីករាលដាលនៃជំងឺ COVID-19 បានបង្កើតឡើងនូវវិបត្តិសុខភាពសាធារណៈសកល ធ្វើឲ្យប្រទេសទាំងអស់នៅលើពិភពលោកទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសង្គម ហើយប្រទេសកម្ពុជាក៏ទទួលរងគ្រោះដូចគ្នា ។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលនយោបាយពង្រឹងខឿនការពារសុខភាពរបស់ប្រជាជន ខិតខំតស៊ូយ៉ាងប្តូរផ្តាច់នៅលើសមរភូមិសង្គ្រាមប្រយុទ្ធប្រឆាំងជំងឺ COVID-19 ការពារបានសុខមាលភាពប្រជាជន និងបានចាត់វិធានការជាច្រើន ដើម្បីដោះស្រាយការរងផលប៉ះពាល់ទៅដល់វិស័យសេដ្ឋកិច្ចសង្គម និងរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជន ។ អ្វីដែលគួរជាទីមោទនភាព គឺមកដល់ពេលនេះ ដំណើរជាតិកម្ពុជានៅតែបន្តយ៉ាងសកម្ម រស់រវើក ប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ​ ដែលប្រការនេះបានឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាពដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជា ។

ជាក់ស្តែង នៅក្នុងរយៈពេល ៤ខែ ដើមឆ្នាំដំបូង យើងពិតជាមានសេចក្តីរីករាយដោយបានឃើញពីកំណើននៃចំណូលថ្នាក់រដ្ឋបាលជាតិ សម្រេចបាន ៨.៤២៨.២៧៧លានរៀល (ស្មើនឹងប្រមាណ ២ពាន់លានដុល្លារ) កើនឡើង ១០​,២៩% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ។ ចំណូលទាំងនេះ បានមកពីប្រភពសំខាន់៣ គឺចំណូលពន្ធសម្រេចបាន ៧.១៣៣.៥១៤លានរៀល (ស្មើនឹងជាង ១.៧០០លានដុល្លារ), ចំណូលផ្សេងៗ ៩៦៥.៩៨៧លានរៀល (ស្មើនឹងជាង ២៣០លានដុល្លារ) និងអំណោយ ៣២៨.៧៧៥លានរៀល (ស្មើនឹង ៨០លានដុល្លារ) ។ ដោយឡែក ការចំណាយរដ្ឋបាលថ្នាក់ជាតិសរុប មានចំនួន ៧.២៩៩.៦៤០លានរៀល (ស្មើនឹងប្រមាណជាង ១៧០០លានដុល្លារ) កើនឡើង៣១,៥៦% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ។

ការឆ្លុះបញ្ចាំងខាងលើនេះ បង្ហាញយ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គទេសដ៏ឆ្នើមរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលជាបង្អែកដ៏កក់ក្តៅ និងជាក្តីសង្ឃឹមពិតរបស់ប្រជាជន ក្នុងការដឹកនាំសង្គមជាតិឲ្យបន្តឈានទៅមុខលើមាគ៌ាសន្តិភាព  ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏រុងរឿង ៕