លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ សូមបងប្អូនបន្តការពារខ្លួន និងកុំភ្លេចខ្លួនឱ្យសោះ ខណៈកូវីដ១៩ មិនដែលភ្លេចយើងនោះទេ

698

(ភ្នំពេញ)៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តាមរយៈបណ្តាញតេឡេក្រាម នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះថា ស្ថានភាពនៃជំងឺកូវីដ១៩នៅកម្ពុជាយើងនៅផុយស្រួយនៅឡើយទេ ដូច្នេះសូមបងប្អូនបន្តការពារខ្លួន និងកុំភ្លេចខ្លួនឱ្យសោះ ខណៈកូវីដ១៩ មិនដែលភ្លេចយើងនោះទេ។

លោកជំទាវវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា៖ «សូមបងប្អូនទាំងអស់បន្តការពារខ្លួន កុំភ្លេចវីរុសកូវីដ-១៩ នេះឱ្យសោះណា។ វីរុសដ៏កាចសាហាវនេះ មិនដែលភ្លេចយេីងទេ ហើយរងចាំតែមានឱកាស រួមជាមួយការធ្វេសប្រហែស និងឱ្យតែមានពេលចន្លោះតែមួយភ្លែតដែលយេីងមិនបានការពារខ្លួន នោះ វីរុសដ៏កាចសាហាវនេះ នឹងអាចឆ្លងមកចូលខ្លួនយេីងហេីយណាបងប្អូន។ មានតែការការពារតាមវិធានការដែលបានណែនាំដោយក្រសួងសុខាភិបាលជារឿយៗមកហេីយនោះទេ ដែលអាចជួយបងប្អូន ចៀសផុតពីគ្រោះកាចចង្រៃ នៃការចម្លងជំងឺកូវីដ-១៩ នេះបាន។ »

ក្នុងឱកាសនេះ លោកជំទាវក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋយេីងទាំងអស់ សូមឱ្យមានសុខភាពល្អ ចៀសផុតពីការឆ្លងវីរុសកូវីដ-១៩ ជាពិសេសគឺសូមរួបរួមគ្នាទប់ស្កាត់ឱ្យបាននូវរលកទីពីរ នៃការចម្លងវីរុសដ៏កាចសាហាវ មកលើព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា កម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មីចំនួន០៩ករណី នៅថ្ងៃម្សិលមិញនេះ ដែលជាតួលេខរកឃើញច្រើនជាងគេក្នុងមួយរយៈពេលចុងក្រោយនេះ បើទោះជាករណីទាំង៩នេះ សុទ្ធសឹងជាករណីនាំចូលក៏ដោយ ក៏វិធានការអនាម័យ ក៏ដូចជាការអនុវត្តនូវវិធានគម្លាតសង្គម និងគម្លាតបុគ្គល ត្រូវតែបន្តអនុវត្តជាដាច់ខាត៕