សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ដែលបានប្រោសព្រះរាជទាន ថវិកា២លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

1163

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លំឱនកាយថ្វាយនូវអំណរព្រះរាជគុណជាអតិបរមាចំពោះព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវថវិកា ២លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវថវិកាចំនួន ២លានដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។

នេះជាការប្រោសព្រះរាជទានជាលើកទីពីរហើយសម្រាប់ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ។ កាលពីខែមីនា កន្លងទៅនេះ ព្រះអង្គទាំងទ្វេ ក៏បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានថវិកា ៣០ម៉ឺនដុល្លារផងដែរ សម្រាប់រាជរដ្ឋាភិបាលយកទៅប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជា។

ក្នុងព្រះរាជលិខិតប្រោសព្រះរាជទានថវិកានេះ ព្រះមហាក្សត្រខ្មែរ និងព្រះវររាជមាតាជាតិខ្មែរ ក៏បានប្រសិទ្ធពរជូនសម្តេចតេជោ ហ៊ុន សែន និងសមាជិក សមាជិកា នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ទទួលបាននូវមហាជោគជ័យក្នុងការបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលជាបេសកកម្មដ៏ឧត្តុង្គឧត្តមនេះជូនជាតិមាតុភូមិផងដែរ។