ជើងហោះហើរដំបូងពីទីក្រុងវូហាន ទៅរដ្ឋធានីប៉េកាំង បានចាប់ផ្តើមឡើងវិញ ក្រោយពីការបិទទីក្រុង

342

(ចិន)៖ ជើងហោះហើរត្រង់ពីទីក្រុងវូហាន ទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន បានចាប់ផ្តើមឡើងវិញហើយ នៅរសៀលថ្ងៃអង្គារនេះ ចាប់តាំងពីទីក្រុងវូហាន ដែលស្ថិតនៅកណ្តាលប្រទេសចិននេះ បានបិទដោយសារតែការផ្ទុះឡើង នៃជំងឺ COVID-19, នេះបើយោងតាមសារព័ត៌មាន CGTN ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០នេះ។

អស់រយៈពេលជាច្រើនខែ នៃការផ្អាកការហោះហើរ, ជើងហោះហើរត្រង់រវាងទីក្រុងវូហាន និងរដ្ឋធានីប៉េកាំង បានចាប់ផ្តើមឡើងវិញ ជាមួយនឹងអ្នកធ្វើដំណើរក្រុមលើកដំបូង។

ជើងហោះហើរ CZ3139 របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានហោះឡើង នៅវេលាម៉ោង៤៖០៣នាទីរសៀល ថ្ងៃអង្គារនេះ ចេញពីទីក្រុងវូហាន ហើយបានចុះចត នៅអាកាសយានដ្ឋាន Beijing Daxing International Airport រដ្ឋធានីប៉េកាំង នៅវេលាម៉ោង៧៖០០នាទីយប់។

យោងតាមក្រុមហ៊ុន China Southern Airlines, ការធ្វើដំណើរទៅមក រវាងអាកាសយានដ្ឋាន Wuhan Tianhe International Airport និងអាកាសយានដ្ឋាន Beijing Daxing International Airport នឹងធ្វើឡើងជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី២៧ ខែមិថុនា។ ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត ដូចជា China Eastern Airlines និងក្រុមហ៊ុន Air China ក៏កំពុងធ្វើការ ដើម្បីចាប់ផ្តើមការហោះហើរឡើងវិញ រវាងទីក្រុងទាំងពីរផងដែរ។

ក្រោយពីបិទទីក្រុងអស់រយៈពេល៧៦ថ្ងៃ, វូហាន បានបើកឡើងវិញ នៅថ្ងៃទី៨ ខែមេសា ជាមួយនឹងរថភ្លើងក្រោមដី, រថភ្លើង និងជើងហោះហើរ បានបើកដំណើរការឡើងវិញទាំងស្រុង។

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៦ ខែមិថុនាមក, ប្រជាជនដែលមកដល់រដ្ឋធានីប៉េកាំង ពីខេត្តហ៊ូប៉ី ក្នុងនោះរួមទាំងទីក្រុងវូហានផងដែរ លែងត្រូវឆ្លងកាត់ការតាមដាន រយៈពេល១៤ថ្ងៃនៅផ្ទះ ឬនៅតាមកន្លែងដែលបានកំណត់ហើយ៕