សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នរលកទី២នៃការរាត្បតជំងឺឆ្លងកូវីដ១៩

708

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវ ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន រលក់ទី២ នៃការរាតត្បាតជំងឺកូវីដ-១៩។

ថ្លែងលើកឡើងតាមរយៈហ្វេសប៊ុកផេកផ្លូវការ របស់សម្តេចនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០នេះ សម្តេចលើកឡើងថា« អ្វីដែលសំខាន់បំផុតនៅពេលនេះគឺការថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ១៩ អោយសោះ»។

សម្តេចបន្ថែមថា« សូមកុំអោយមានវិប្បដិសារីកើតឡើងព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន​។ ទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើបឡើងវិញនៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ»។

បើតាមប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា មកទល់ថ្ងៃនេះ​ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំនួនអ្នកឆ្លងក្នុងប្រទេស ២១៧ ដែលមានអ្នកឆ្លងរោគបានកើនឡើងជាង៥លាននាក់ហើយ (5,491,678) ហេីយស្លាប់ជាង30ម៉ឺននាក់ក្នុងនោះកម្ពុជាក៏មានអ្នកឆ្លងថ្មី2​នាក់ផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីអះអាងថា មកទល់ពេលនេះ​ មិនទាន់មានថ្នាំព្យាបាលកូវីដ១៩នៅឡេីយទេ។ ដូច្នេះ​ បងប្អូនប្រជាពលរដ្ឋត្រូវតែពាក់ម៉ាស់ ហេីយត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកអាល់កុល ឬចឹលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស​ ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម។ សម្តេចថ្លែងថា ឱ្យប្រជាពលរដ្ឋ បន្តស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេល។ បើមានចម្ងល់ឬការសង្ស័យណាមួយ សូមទូរស័ព្វទៅលេខ ១១៥ ជាបន្ទាន់។

សម្តេចតេជោ បញ្ជាក់ថា« យេីងទាំងអស់គ្នា​ ត្រូវបន្តចូលរួមទប់ស្កាត់ការរឆ្លងរាតត្បាតនៃជំងឺឆ្លងកូវីដ១៩នៅទូទាំងប្រទេស»៕