ខ្លោចផ្សាណាស់! ឪពុក​ស្លុតចិត្ត​ បាន​ត្រឹម​ឈរ​មើលកូន​លង់ទឹក​

474

(កណ្តាល​) ៖ ក្មេងប្រុស​ស្រី២នាក់​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹងគ្នា​បាន​លង់ទឹក​ស្លាប់​គួរឲ្យ​សង្វេគ កាលពី​រសៀល​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅ​ចំនុច​ត្រពាំង​អង្គ ស្ថិតនៅ​ភូ​មិតា​នូ ឃុំ​ស្អាងភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល ក្រោយពី​ពួក​គេ​បាន​ចុះ​លេង​ទឹក ពេល​តាម​ឪពុក​មក​បង់សំណាញ់។

ជនរងគ្រោះ​ត្រូវ​បាន​បញ្ជាក់​ថា ក្មេង​ទី១ ឈ្មោះ ខុំ វ៉ាន់ ភេទប្រុស អាយុ៩ឆ្នាំ មាន​ឪពុក​ឈ្មោះ ញ៉ សុ​ខុំ អាយុ៣៦ ឆ្នាំ និង​ម្ដាយ​ឈ្មោះ នាង ជ្រឿន អាយុ៣១ ឆ្នាំ។ ចំណែក​ក្មេង​ទី២ឈ្មោះ ធូ ណា​រី ភេទ​ស្រី អាយុ៩ ឆ្នាំ មាន​ឪពុក ឈ្មោះ ធី ចាន់​ធូ អាយុ៣១ឆ្នាំ និង​ម្ដាយ​ឈ្មោះ ញ៉ គៀង អាយុ៣១ឆ្នាំ។

តាម​សមត្ថកិច្ច​បាន​ឲ្យដឹង​នៅ​វេលា​កើតហេតុ​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលា​ម៉ោង១៦និង១៤នាទី ឈ្មោះ ញ៉ សុ​ខុំ ឪពុកបង្កើត​របស់​ជនរងគ្រោះ ឈ្មោះ ខុំ វ៉ាន់ បាន​យក​សំណាញ់​ទៅ​បង់ត្រី​នៅ​ត្រពាំង​អង្គ​ដោយ​បាន​នាំ​កូនប្រុស និង​ក្មួយស្រី​បង្កើត​ទៅតាម​ពេល​ដល់​ត្រពាំង​អង្គ​ឪពុក​បាន​បង់សំណាញ់​នៅ​ខាងជើង​ត្រពាំង​អង្គ​(មាន​ជំរៅ​ប្រហែល០៣ម៉ែត្រ​)កូនប្រុស​និង​ក្មួយស្រី​នាំគ្នា​លេង​ទឹក​នៅ​ខាងត្បូង​ត្រពាំង​អង្គ។

លុះ​កំពុង​លេង​ទឹក​ទាំងពីរ​នាក់​បងប្អូន​មិន​ចេះ​ហែលទឹក​ផង ហើយដោយ​ឪពុក​មិនបាន​ចាប់អារម្មណ៍​ផង​កូន​បាន​ស្រែកហៅ​ឪពុក​ឲ្យ​ជួយ ឪពុក​បានឮ​ក៏​ក្រឡេក​មើលទៅ​ខាងត្បូង​ត្រពាំង​ឃើញ​កូន ក៏បាន​ទំលាក់​សំណាញ់​ចុះ​រត់​មក​ជួយ​កូន ប៉ុន្តែ​ទំ​រាំ​មកដល់​ឪពុក​ទន់​ជើង​ស្លុត​ស្មារតី​បាន​ត្រឹម​ឈរ​មើល​ហើយ​ស្រែកយំ​ឲ្យ​គេ​ជួយ​កូនប្រុស និង​ក្មួយស្រី។

ក្រោយមក​ក៏​មាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​រត់​មក​ជួយ ហើយ​ទំ​រាំ​រក​ឃើញ​ប្រហែលជា​កន្លះម៉ោង​ទើប​រក​ឃើញ​ក្មេង​ទាំងពីរ​នាក់​នោះ​បាន​លង់ទឹក​ស្លាប់​បាត់​អស់ហើយ​៕