ដោយសារតែរូបស្អាតពេក បែរជាត្រូវបណ្តាសារទៅវិញ !!

114

នេះជារឿងពិត ។ យើងតែងនិយាយថា អ្នកកើតមកមានរូបស្អាតពិតជាមានសំណាងណាស់ ។ តែពេលខ្លះ រូបស្អាតជាបណ្តាសារទៅវិញ ។ កញ្ញា Blanche Monnier សញ្ជាតិបារាំង កើតនៅថ្ងៃទី ១ មេសា ១៨៤៩ នៅក្នុងខេត្ត Poitiers ប្រទេសបារាំង ក្នុងត្រកូលអភិជន ។ នៅពេលនាងពេញវ័យ ( រូប ១ ) នាងក្លាយជានារីរូបស្រស់ឆើតឆាយ ដែលធ្វើអោយបុរសជាច្រើនឈ្លក់នឹងសំរស់នាង ហើយ យុវជនក្នុងត្រកូលអភិជនជាច្រើនបានប៉ុនប៉ងចូលដណ្តឹងនាង តែត្រូវម្តាយនាងឈ្មោះ Louise Monnier ប្រកែករាល់លើក ព្រោះគាត់យល់ថាកូនស្រីគាត់ត្រូវតែមានអនាគតត្រចះត្រចង់ ខ្ពស់ត្រដែតដោយរៀបការជាមួយអ្នកវណ្ណៈខ្ពស់បំផុត ។

ទន្ទឹមនឹងការប្រកែករបស់ម្តាយ កញ្ញា Blanche Monnier ក៏ទទួលសំបុត្រស្នេហាពីបុរសជាច្រើន ដែលធ្វើអោយម្តាយនាងច្រលោតឆេះដុំ ។ ស្រាប់តែថ្ងៃមួយ គេបាត់លែងឃើញកញ្ញា Blanche ។ នៅពេលគេសួររកនាង ម្តាយនាងបានប្រាប់គេថានាងទៅបន្តការសិក្សានៅប្រទេសអង់គ្លេស ហើយ ដល់ពេលច្រើនឆ្នាំទៀត ម្តាយនាងបានប្រាប់គេថា Blanche មិនមកស្រុកបារាំងវិញទេ គឹនាងកសាងជីវិតនៅក្នុងប្រទេសអង់គ្លេសហើយ ។

នៅថ្ងៃទី ២៣ មីនា ១៩០១ រដ្ឋអាជ្ញាទីក្រុងប៉ារីស ( គ្រួសារនាង Blanche រស់នៅក្នុងទីក្រុងប៉ារីស ) បានទទួលសំបុត្រអនាមិកមួយច្បាប់និយាយថាគ្រួសារនាង Blanche ដែលជាអ្នកមានមុខមាត់មួយក្នុងទីក្រុងប៉ារីស មានលាក់មនុស្សម្នាក់នៅក្នុងបន្ទប់សំងាត់ជាង ២៥ ឆ្នាំហើយ ។

មកដល់បច្ចុប្បន្ន គេមិនដឹងថា អ្នកណាជាម្ចាស់សំបុត្រអនាមិកនោះទេ តែគេសន្និដ្ឋានប្រហែលជាអ្នកបំរើនៅក្នុងផ្ទះនោះ ។ ជាដំបូងគេមិនចង់បើកការស៊ើបអង្កេតនេះទេ ព្រោះត្រកូល Monnier ក៏ជាអ្នកមានមុខមានមាត់មួយ តែគេក៏ទៅដើម្បីបង្គ្រប់កិច្ច ។ ពេលត្រួតពិនិត្យ គេក៏មិនឃើញអ្វីគួរកត់សំគាល់ទេ តែក្រោយមកគេបានកត់សំគាល់ក្លិនអសោចន៍ដែលចេញពីបន្ទប់មួយ ដែលមានគន្លឹះទ្វារច្រេះដោយមិនត្រូវគេបើកវារាប់ឆ្នាំទៅហើយ ។ នៅពេលគេគាស់ទ្វារនោះចូល គេប្រទះឃើញមនុស្សស្រីម្នាក់ដែលស្គមស្គាំងព្រោះកង្វះអាហារ ដេកអាក្រាតលើលាមក និង កាកសំណល់អាហារដែលនៅក្រាំងពេញគ្រប់កន្លែង ( រូប ២ ) ។ មនុស្សនោះ គឺ កញ្ញា Blanche Monnier ( រូប ២ ) ។ ម្តាយរបស់ Blanche ត្រូវបានឃាត់ខ្លួន តែ ១៥ ថ្ងៃក្រោយនៅក្នុងមន្ទីរឃុំឃាំង គាត់ក៏ទទួលមរណភាពដោយរោគបេះដូងទៅ ។ ថ្វីត្បិតតែមានសេរីភាព តែ ២៥ ឆ្នាំនៅក្នុងបន្ទប់គ្មានពន្លឺថ្ងៃ បានប៉ះពាល់យ៉ាងខ្លាំងលើសតិអារម្មណ៍របស់កញ្ញា Blanche រហូតគ្រូពេទ្យសំរេចបញ្ជូននាងទៅមន្ទីរពេទ្យឆ្កួតដើម្បីព្យាបាល ។ កញ្ញា Blanche Monnier បានទទួលមរណភាពនៅឆ្នាំ ១៩១៣ ។

រូប ៣ គឺការផ្សាយរបស់កាសែតទាក់ទិននឹងការរកឃើញនាង BlancheMonnier ។