TOP NEWS : បញ្ហាបច្ចេកទេស ជាមូលហេតុបណ្តាលឱ្យយន្ដហោះ Airbus A320 របស់ប៉ាគីស្ថានធ្លាក់ និងផ្តាច់យកជីវិតមនុស្ស ១០៧នាក់

155

(ប៉ាគីស្ថាន)៖ ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលនិយាយថា យន្ដហោះក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិប៉ាគីស្ថាន (PIA) ដែលធ្វើដំណើរចេញពីទីក្រុង Lahore ទៅទីក្រុង Karachi បានធ្លាក់នៅជិតអាកាសយានដ្ឋាន Karachi ។

យន្តហោះនោះជាប្រភេទម៉ូដែល Airbus A320 ហើយប្រភពជាបឋមបាននិយាយថា យន្តហោះបានដឹកអ្នកដំណើរ និងអាកាសយានិកទាំងអស់ចំនួន ១០៧នាក់ មកពីទីក្រុង Lahore ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន ដែលគ្រប់គ្រងដោយលោក Abdul Sattar បានប្រាប់កាសែត Dawn ថា យន្តហោះបានដឹកអ្នកដំណើរចំនួន ៩០នាក់ និងសមាជិកយានិក ៨នាក់ ហើយគោលដៅរបស់យន្តហោះគឺត្រូវចុះនៅអាកាសយានដ្ឋានអន្តរជាតិ Jinnah ។

យ៉ាងណាមិញពេលនេះក្រុមសង្គ្រោះ និងមន្ត្រីពាក់ព័ន្ធបានទៅដល់កន្លែងកើតហេតុ ប៉ុន្តែនៅមិនទាន់មានការប្រកាសពីការស្លាប់ ឬនៅរស់ប៉ុន្មាននាក់នោះទេ។

បន្ថែមពីខាងលើនេះ អ្នកនាំពាក្យអាកាសចរណ៍ PIA បានលើកឡើងថា នៅមុនពេលយន្តហោះធ្លាក់ គេបានលឺអាកាសយានិកនិយាយពាក្យជាចុងក្រោយថា «មានបញ្ហាបច្ចេកទេសហើយ»

អាកាសចរណ៍ប៉ាគីស្ថានខាងលើនេះ ទើបតែត្រូវបានរដ្ឋាភិបាលអនុញ្ញាត ឲ្យបើកដំណើរការឡើងវិញបានមួយថ្ងៃប៉ុណ្ណោះ ក្រោយធ្វើការផ្អាកអស់មួយរយៈ ដោយសារការរាតត្បាតជំងឺ COVID-19 ប៉ុន្តែបែរជួបគ្រោះថ្នាក់ ដ៏អកុសលបែបនេះទៅវិញ៕