COVID-19៖ អ្នកជំនាញព្រមានថា ចិនកំពុងប្រឈមមុខនឹង «រលកទី២»

84

(អន្តរជាតិ)៖ ទីប្រឹក្សាវេជ្ជសាស្ត្ររដ្ឋាភិបាលចិន លោក Zhong Nanshan បានប្រមានថា ចិន កំពុងប្រឈមមុខនឹង «រលកទី២» នៃការឆ្លងរាតត្បាត COVID-19 ដោយសារតែការខ្វះខាតប្រព័ន្ធភាពសុំានៅក្នុងចំណោមប្រជាជនចិន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០។

លោក Zhong Nanshan ព្រមានបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីចុងសប្ដាហ៍កន្លងទៅ និងចំពេល ដែលអាជ្ញាធរសុខាភិបាលចិន កំពុងបង្កើនការធ្វើតេស្ដរក COVID-19 លើប្រជាជននៅក្នុងទីក្រុងវូហាន បន្ទាប់ពីករណីឆ្លងត្រូវបានគេមើលឃើញថាហាក់ដូចជា ចាប់ផ្ដើមកក្រើកឡើងវិញបន្តិច។ លោក Zhong ជាអ្នកជំនាញម្នាក់ដែលបានចូលរួមដោះស្រាយវិបត្តិជំងឺ SARS កាលពីឆ្នាំ២០០៣ បានគូសបញ្ជាក់ដូច្នេះថា៖ «យើងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំមួយ… ពីព្រោះកំឡុងពេលនេះ ភាគច្រើននៃប្រជាជនចិន នៅតែងាយឆ្លង COVID-19 ដោយសារតែការខ្វះខាត ប្រព័ន្ធភាពសុំា»។

អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ៧នាក់ ក្នុងនោះ៤នាក់ជាករណីនាំចូល ធ្វើឲ្យចំនួនអ្នក ដែលបានឆ្លងជំងឺ COVID-19 សរុបនៅចិន កើនដល់៨២,៩៥៤នាក់។ ចំណែកឯ ចំនួនអ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតវិញ គឺនៅត្រឹម៤,៦៣៤ នាក់ដដែល ដោយគ្មានអ្នកស្លាប់ថ្មីឡើយ។ តួលេខទាំងនេះគឺមិនរាប់បញ្ចូលករណីនៅក្នុងទីក្រុងហុងកុង ម៉ាកាវ និងកោះតៃវ៉ាន់នោះទេ៕