
ក្នុងនាមជាអតីតអ្នកកាសែតម្នាក់ ខ្ញុំមានការចាប់អារម្មណ៍ខ្លះដែរ ចំពោះសារព័ត៌មានអាឡឺម៉ង់មួយឈ្មោះ Deutsche Welle (DW) ដែលបានប្រកាសថា ខ្លួនជ្រើសរើសបានអ្នកកាសែតម្នាក់នៅកម្ពុជា ឈ្មោះ សុវណ្ណ រិទ្ធី អគ្គនាយកព័ត៌មាន TVFB ដើម្បីទទួលបានពាន «សេរីភាពបញ្ចេញមតិ» ក្នុងចំណោមអ្នកសារព័ត៌មាន១៧រូបផ្សេងទៀត នៅតាមបណ្តាប្រទេសចំនួន១៤ ។ សូមទោសផងចុះ ខ្ញុំមិនវាយតម្លៃទៅលើអ្នកសារព័ត៌មាន១៦រូប ក្រៅពីលោក សុវណ្ណ រិទ្ធី ដែលនឹងត្រូវជ្រើសរើស ដើម្បីទទួលយកពាននេះទេ ប៉ុន្តែផ្ទុយទៅវិញ ប្រសិនបើលោក សុវណ្ណ រិទ្ធី ទទួលបានពាននេះ ដោយសារលក្ខណៈវិនិច្ចយបែបបំភន្តមួយ ដែលថា គាត់ត្រូវចាប់ខ្លួនដោយសារតែការបញ្ចញមតិ នោះគឺពិតជារឿងមួយដែលគួរអោយអស់សំណើច ជារឿងដែលគួរអោយហួសចិត្តខ្លាំងណាស់ ។
ខ្ញុំមិនដឹងថា តើសារព័ត៌មាន Deutche Welle (DW) ជាសារព័ត៌មានធុនណា មានការគាំទ្រប៉ុណ្ណា ឬក៏ថា តើពាន «សេរីភាពបញ្ចេញមតិ» របស់សារព័ត៌មាននេះ មានតម្លៃយ៉ាងណានោះទេ ? ខ្ញុំគ្រាន់តែដឹងថា មនុស្សម្នាក់នៅកម្ពុជា ដែលកាសែតនេះ ជ្រើសយកសំរាប់ទទួលពានរង្វាន់នេះ គឺមិនត្រឹមត្រូវទាល់តែសោះ ។ សំរាប់ខ្ញុំមនុស្សនេះ មិនមែនជាអ្នកកាសែត ដែលប្រកបដោយវិជ្ជាជីវៈ ប្រកបដោយក្រមសីលធម៌ត្រឹមត្រូវនោះទេ ។ គាត់ត្រូវបានចាប់ខ្លួន និងយកទៅឃុំឃាំងនៅពន្ធនាគារ កាលពីថ្ងៃទី៩ ខែមេសា ពាក់ព័ន្ធករណីផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់បង្កអោយមានផលប៉ះពាល់ ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងសុវត្តិភាពសង្គមជុំវិញវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដែលពិភពលោកទាំងមូលកំពុងតែរំជើបរំជួលយ៉ាងខ្លាំង ។ ខ្ញុំគ្រាន់តែរំលឹកថា នៅប្រទេសកម្ពុជាមានមិនតិចទេ ជំពូកមនុស្សដែលចូលចិត្តបង្ហោះផ្សព្វផ្សាយរឿងរ៉ាវ ដែលបង្កអោយមានចលាចលដល់សង្គមជាតិ ពីព្រោះកម្ពុជាជាប្រទេសដែលសំបូរហូរហៀដោយសេរីភាពនៃការបញ្ចេញមតិ។ មានអ្នកសារព័ត៌មានរាប់ពាន់នាក់ មានអង្គភាពសារព័ត៌មាន (ទូរទស្សន៍ វិទ្យុ កាសែត វេបសាយ បណ្តេញសង្គម) កំពុងធ្វើសកម្មភាព ក្នុងប្រទេសកម្ពុជា ប៉ុន្តែភាគច្រើនលើសលប់គេមានក្រមសីលធម៌ វិជ្ជាជីវៈច្បាស់លាស់។ ហេតុអ្វីបានជាអ្នកទាំងនេះ មិនជាប់នៅក្នុងជម្រើសជាអ្នកដែលត្រូវទទួលពាន «សេរីភាពបញ្ចេញមតិ» របស់អ្នកទៅវិញ ? ជាការពិតហើយ ខ្ញុំគិតថា អ្នកទាំងនេះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ស្ថិតក្នុងលក្ខណៈសម្បត្តិវិនិច្ឆយរបស់ពួកលោកទេ ព្រោះមិនមែនជាអ្នកដែលបញ្ចេញមតិបំពុលសង្គម ពោលគឺ «សេរីភាពបញ្ចេញមតិបំពុលសង្គម» ។ ប៉ុន្តែខ្ញុំក៏ជឿថា អ្នកសារព័ត៌មានប្រកបដោយវិជ្ចាជីវៈទាំងនេះ ក៏មិនអាច ឬក៏មិនហ៊ានទម្លាក់កិតិ្តយស សេចក្តីថ្លៃថ្លូរ ដើម្បីទទួលយកពានរង្វាន់មួយបែបនេះទេ ។
ខ្ញុំគ្រាន់តែចង់បញ្ជាក់អោយច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជាមានគោលការណ៍ច្បាស់លាស់ណាស់ ចំពោះសេរីភាពនៃការបញ្ចេញមតិក្នុងក្របខណ្ឌនៃលទ្ធិប្រជាធិបតេយ្យ ។ ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី២៧ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ រាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការស្ថាប័នសារព័ត៌មានដែលមានថាមពលប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈក្នុងការផ្សព្វផ្សាយព័ត៌មាន ។ រាជរដ្ឋាភិបាលគាំទ្រ និងលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន ដែលធានាឯករាជ្យភាពនៃការផ្សាយព័ត៌មាន ដោយគ្មានការត្រួតពិនិត្យជាមុន និងសិទ្ធិរក្សាការសម្ងាត់ប្រភពព័ត៌មានរបស់ខ្លួន ។ អ្នកសារព័ត៌មានត្រូវអនុវត្តឲ្យបានតាមពាក្យស្លោក «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃកាពិត» និងត្រូវជៀសវាងការផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងបន្លំ ដែលបង្កឲ្យមានភាពចលាចលនៅក្នុងសង្គម ការញុះញង់ ការជេរប្រមាថ បង្កឲ្យមានការគុំកួន ការរើសអើង និងអរិភាពនៅក្នុងសង្គម ដែលមិនអាចអត់ឱនឲ្យបានឡើយ ៕ ដោយ៖ អតីតអ្នកកាសែតម្នាក់