ជួយចែករំលែក៖ អាហារទាំងនេះត្រូវញ៉ាំឲ្យមានកម្រិត បើមិនចង់មានបញ្ហាសុខភាពបេះដូង

14567

(សុខភាព)៖ សុខភាព​បេះដូង​គឺ​ជា​រឿងសំខាន់​ដែល​គ្នាយើងត្រូវ​យកចិត្តទុកដាក់​ និង​ថែរក្សា​ឲ្យ​បាន​ល្អ ហើយ​របប​អាហារ​ក៏​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​ថែរក្សា​សុខភាពបេះដូង។ ដូចនេះ​គួរ​ប្រយ័ត្ន​អាហារ​ប៉ុន្មានមុខ​នេះ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូងយើងបាន។

១. ស្ករ អំបិល និងខ្លាញ់
ការ​ញ៉ាំ​អំបិល ស្ករ ខ្លាញ់ និង​កាបូអ៊ីដ្រាត​សាមញ្ញ (Refined Carbs) ​ច្រើន​អាច​បង្កើន​ហានិភ័យជំងឺ​គាំង​បេះដូង ឬ​ជំងឺគ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរក្បាល (Stroke)។ បើ​គ្នាយើង​បារម្ភ​ពី​សុខភាព​បេះដូង​របស់​ខ្លួន​ យើង​គួរ​យក​ពពួក​អាហារ​ទាំង​នេះ​ចេញ​ពី​របប​អាហារ​ប្រចាំថ្ងៃ។ យើង​អាចទទួលបាន​​ពពួក​ស្ករ ខ្លាញ់​ទាំង​នេះ​បាន​បើយើង​ញ៉ាំ​ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ (whole grains) ប្រូតេអ៊ីន​សាច់ និង​ផលិតផល​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប។

២. សាច់​ជ្រូក​បី​ជាន់
កាឡូរី​ជាង​ពាក់កណ្ដាល​នៃ​សាច់​ជ្រូក​បីជាន់​នេះ​គឺ​មក​ពី​ខ្លាញ់​ឆ្អែត​ដែល​ធ្វើឲ្យ​ខ្លាញ់​អាក្រក់ LDLកើន​ឡើង​ និង​បង្កើន​ហានិភ័យ​គាំង​បេះដូង ឬ​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល។ សាច់​នេះ​ក៏​សំបូរ​ដោយ​អំបិល​ដែល​អាច​ឲ្យ​សម្ពាធឈាម​ឡើង​ខ្ពស់ និង​បេះដូង​ធ្វើ​ការ​កាន់តែ​ធ្ងន់។ ម៉្យាងទៀត បរិមាណ​សូដ្យូម​ខ្ពស់​អាច​បង្ក​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺ​បេះដូង និង​ខ្សោយ​បេះដូង។ សារធាតុ​ដែល​ជួយ​រក្សា​សាច់​ជ្រូក​នេះ​គឺ​មាន​ទំនាក់ទំនង​នឹង​ជំងឺ​ខាងលើ។

៣. សាច់​ក្រហម
ការ​ញ៉ាំ​សាច់​គោ សាច់ចៀម និង​សាច់ជ្រូក​ច្រើន​អាច​បង្ក​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម។ ប្រភេទ​សាច់​ទាំង​នេះ​មាន​ជាតិខ្លាញ់​ខ្ពស់​ដែល​បង្កើន​កម្រិត​កូលេស្តេរ៉ូល។ ដូចនេះ​គួរ​កំណត់​បរិមាណ​ដែល​យើងត្រូវ​ញ៉ាំ​ យក​ល្អ​គួរ​ញ៉ាំ​សាច់សុទ្ធ​មិន​មាន​ខ្លាញ់។

៤. ទឹកក្រូច (Soda)
ការ​ញ៉ាំ​ស្ករ​បន្ថែម​ក្នុង​បរិមាណ​តិច​គឺ​មិន​មាន​ផល​ប៉ះពាល់​ ប៉ុន្តែ​ទឹក​ក្រូច​មួយ​កំប៉ុង​មាន​ស្ករ​ច្រើន​ជាង​កម្រិត​ត្រូវការ​ប្រចាំ​ថ្ងៃ។ អ្នក​ផឹក​ទឹក​ក្រូច​ច្រើន​តែ​ឡើង​ទម្ងន់ ​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ២ សម្ពាធឈាម​ខ្ពស់ និង​ជំងឺ​បេះដូង។ ជម្រើស​ដែល​ល្អសម្រាប់​យើង​​គឺ​ប្រភេទ​ភេសជ្ជៈ​ដែល​សាប ឬ​មិន​មាន​បន្ថែម​ជាតិ​ផ្អែម។

៥.អាហារ​ដុត
អាហារដុត​ដូចជានំ Cookie នំ​ខេក និង​នំ Muffin​គឺ​សំបូរ​ដោយ​ស្ករ​​ដែល​ធ្វើ​ឲ្យ​ឡើង​ទម្ងន់។ នំ​ទាំង​នេះ​ក៏​មាន​ទាក់ទង​នឹង​ការ​កើន​ឡើង​នៃ​កម្រិត triglyceride ដែល​អាច​ឈាន​ទៅ​ជំងឺ​បេះដូង ព្រោះ​គ្រឿង​ផ្សំ​ចម្បង​គឺ​ម្សៅ​ដែល​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ធ្វើ​ឲ្យ​យើង​កាន់​តែ​ឃ្លាន​។

៦. បាយស នំប៉័ង និង​ផាស្តា
បាយ នំប៉័ង ផាស្តា និង​អាហារ​សម្រន់​ដែល​ធ្វើ​ពី​ម្សៅ​គឺ​មិន​មាន​ជាតិសរសៃ វីតាមីន និង​រ៉ែ​ទេ។ គ្រាប់ធញ្ញជាតិ​ចម្រាញ់ (refined grains) ងាយ​នឹង​បំលែង​ទៅ​ជា​ស្ករ​ដែល​រាងកាយ​ស្តុក​ជា​ខ្លាញ់។ អាហារ​ដែល​មាន​គ្រាប់ធញ្ញជាតិ​ចម្រាញ់​អាច​បង្ក​ខ្លាញ់​នៅ​ក្បាល​ពោះ ហើយ​ការសិក្សា​បង្ហាញ​ថា​ខ្លាញ់​នៅ​ក្បាល​ពោះ​មាន​ទំនាក់ទំនង​នឹង​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ២។ យើង​អាច​ញ៉ាំ​អង្ករសម្រូប oats និង​ស្រូវសាលី(whole wheat)​ដើម្បីសុខភាពបេះដូង។

៧. ភីហ្សា
ភីហ្សា​កក​គឺ​មាន​បរិមាណ​សូដ្យូម ខ្លាញ់ និងកាឡូរី​ច្រើន​ដែល​ទាំង​នេះ​អាច​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង។ នៅ​ពេល​ញ៉ាំ​ភីហ្សា យើង​គួរ​ជ្រើសរើស​ភីហ្សា​ដែល​មាន​ឈីស​តិច បន្លែ​ច្រើន និង​មិនមាន​សាច់ក្រក​ដែល​សំបូរ​ដោយ​អំបិល។

៨. គ្រឿងស្រវឹង
ការ​ផឹក​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិច​តួច​គឺ​មិនមាន​ប៉ះពាល់​ដល់​បេះដូង​ទេ​លុះត្រាតែ​អ្នក​មាន​ជំងឺ​លើសឈាម ឬ​កម្រិត triglyceride ខ្ពស់​ដែលនេះ​ជា​ប្រភេទ​ខ្លាញ់​ក្នុង​ឈាម​ដែល​បង្កើន​ហានិភ័យ​ជំងឺ​បេះដូង។ ដោយឡែក ការ​ផឹកគ្រឿងស្រវឹង​ច្រើន​អាច​បង្ក​ជំងឺ​លើសឈាម ខ្សោយ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល និង​ឡើង​ទម្ងន់។

៩. បឺរ
បឺរ​សំបូរ​ដោយ​ខ្លាញ់​ដែល​អាច​បង្កើន​កម្រិត​ខ្លាញ់​អាក្រក់ និង​ជំងឺ​បេះដូង។ យើង​អាច​ជំនួស​បឺរ​ដោយ​ការ​ប្រើប្រាស់​ប្រេងអូលីវ ឬ​ប្រេង​បន្លែ​ដែល​ខ្លាញ់​ល្អ​សម្រាប់​បេះដូង។

១០. ដំឡូងបារាំង​បំពង
ដំឡូងបារាំង​បំពង​គឺ​មាន​ខ្លាញ់ និង​អំបិល​ច្រើន​ដែល​មិន​ល្អ​សម្រាប់​បេះដូង។ ការ​សិក្សា​បង្ហាញ​ថា​អ្នក​ញ៉ាំ​ដំឡូងបារាំង​បំពង​២​ទៅ​៣ដង​ក្នុង​មួយ​សប្ដាហ៍​អាច​នឹង​ស្លាប់​លឿន។ អ្នក​អាច​ញ៉ាំ​កម្រិត​តិចតួច ឬ​យក​ល្អដុត​ដំឡូងបារាំង​ជាមួយ​ប្រេង​អូលីវ​ដោយ​ខ្លួនឯងគឺល្អជាង។

ប្រភព៖ Hellokrupet