ឈប់ជឿទៅ! ទាំងនេះសុទ្ធតែជាទស្សនៈភាន់ច្រឡំជុំវិញវីរុសកូវីដ-១៩

10679

(ភ្នំពេញ)៖ ចាប់​តាំង​ពី​ការ​ផ្ទុះ វីរុស​COVID-19មក បាន​ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​នូវ​ទស្សនៈ​ផ្សេងៗ​ទាក់ទង​នឹង​ការ​ព្យាបាល ឬ​ទប់​ស្កាត់​ដែល​មិន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់​អង្គការសុខាភាពពិភពលោក ដែល​មាន​ការ​និយាយ​តៗគ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់។

១.ដុស​ធ្មេញនឹង​អំបិល៣ដង/ថ្ងៃ រួចផឹកទឹកសម្លាប់ COVID-19

ទស្សនៈ​មួយ​នេះ​ត្រូវ​បាន​វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង បដិសេធ​ថា​មិន​មែន​ជា​ការពិត។ វាគ្រាន់​តែ​ជា​ពាក្យចចាមអារ៉ាម​ប៉ុណ្ណោះ គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គួរ​ឲ្យ​ទុក​ចិត្ត​បាន​ឡើយ។

២.បរិភោគខ្ញី និង​ផឹក​ទឹក​ក្តៅ​បាន​ច្រើន អាច​សម្លាប់​មេរោគ COVID-19

ដូច​នឹង​ការ​លើក​ឡើង​ខាង​លើដែរ លោក លី សូវ៉ាន់ បាន​ច្រានចោល​ការ​លើក​ឡើង​នេះថា មិនពិត។ លោក​បានឲ្យ​ដឹង​ថា គ្មាន​ការ​សិក្សា​ណា​មួយ​អាច​បញ្ជាក់ថា គ្រាន់​តែ​ញ៉ាំខ្ញី ឬទឹក​ក្តៅ អាច​សម្លាប់​វីរុស COVID-19 បាន​នោះ​ទេ។

៣. ផឹក​ស្រា អាច​ការពារ​ខ្លួន​បានពី​ COVID-19

ទាក់​ទងនឹង​ទស្សនៈ​មួយ​នេះ រដ្ឋ​លេខា​ធិការ ក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីន បាន​បញ្ជាក់​ថា ​គឺ​មិន​ត្រឹម​ត្រូវទេ។ ការ​ផឹក​ស្រា អាច​ការពារវីរុស COVID-19 បាន អាច​មក​ពី​ការ​ភាន់​ច្រឡំថា អាល់កុល​អាច​ជួយ​ការពារ​ពី ​COVID-19 ដោយ​អាច​យក​ទៅ​លាង​ដៃ​បាន​តែ​ប៉ុណ្ណោះ។

People seem to think Corona beer is related to the deadly Wuhan ...

៤.ប្រទេស​មាន​អាកាសធាតុ​ក្តៅដូច​កម្ពុជា ​វីរុស ​COVID-19 មិន​អាចរស់​នៅ​បាន

​ការ​លើក​ឡើង​បែប​នេះ ត្រូវ​បាន​លោក​ស្រី​វេជ្ជបណ្ឌិត Li Alian ប្រធាន​អង្គការសុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ថា វា​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម គ្មាន​ការ​សិក្សា​ច្បាស់​លាស់ ព្រោះ​ប្រទេស​ផ្សេងៗ ដែល​មាន​អាកាស​ធាតុ​ក្តៅ ធ្លាប់​បាន​រាយ​ការណ៍​ពី​ករណី​ឆ្លង​រៀង​ខ្លួន។

Singapore's COVID-19 temperature scans and tracking leading the way

៥.ឈរ​នៅ​ក្រោម​កម្តៅ​ថ្ងៃ អាច​សម្លាប់​វីរុស COVID-19

មាន​មនុស្ស​មួយ​ចំនួន​យល់​ថា វីរុស COVID-19​ មិន​អាច​ទ្រាំ​នឹង​កម្តៅ​ថ្ងៃ ដូចនេះ​ដើម្បី​សម្លាប់​មេរោគ​គឺ​ត្រូវឈរ​ហាល​ថ្ងៃ។ អង្គការសុខភាពពិភពលោក​បាន​បញ្ជាក់​ថា វា​មិន​ត្រឹម​ត្រូវ​ឡើយ។ អង្គការសុខភាពពិភពលោក​ឲ្យដឹង​ថា មិន​ថា​កម្តៅ​ក្តៅ​ខ្លាំង​ប៉ុនណា ក៏​មិន​អាច​ការពារ ឬ​សម្លាប់​វីរុស COVID-19 បាន​ឡើយ ក្រៅ​ពី​ធ្វើ​អនាម័យ​បាន​ល្អ​តាម​ការ​ណែនាំ​របស់​អង្គការសុខភាពពិភពលោក។

Fact or fiction? Warmer weather slows down the coronavirus | Grist

៦.ងូត​ទឹក​ក្តៅ​​អាច​ការពារ​វីរុស COVID-19

អង្គការសុខភាពពិភពលោក​បាន​ឲ្យ​ដឹង​ថា ការ​ងូត​ទឹក​ក្តៅ​មិន​អាច​ការពារ​មិន​ឆ្លង COVID-19 បាន​ទេ ព្រោះ​សីតុណ្ហភាព​រាងកាយ​នៅ​តែ​មាន​ចាប់​ ៣៦-៣៧​អង្សារសេ ទោះ​អាកាសធាតុ​នៅ​ខាង​ក្រៅ​ក្តៅ ឬ​ត្រជាក់​ប៉ុនណា​ក៏​ដោយ។

៧.មូស​ខាំ​អាច​ចម្លង​វីរុស COVID-19 បាន​

ដូចគ្នានេះ អង្គការសុខភាពពិភពលោកបាន​ឲ្យ​ដឹង​ថា មូស​ខាំង​មិន​អាច​ចម្លង​វីរុស COVID-19 ​ដូច​ដែល​មនុស្ស​មួយ​ចំនួន​បាន​​គិត​នោះ​ទេ ព្រោះ​វីរុស​ COVID-19 ​ឆ្លង​តាម​ការ​ប៉ះពាល់​នឹង​សំណាក​របស់​អ្នក​ដែល​មាន​ផ្ទុក​វីរុស COVID-19 ផ្ទាល់។

Corrales: “hoy me preocupa más el dengue que el Coronavirus ...

​៨.​បាញ់​អាល់កុល ឬ​ក្លរីនពេញ​ខ្លួន​អាច​សម្លាប់​វីរុស COVID-19

ការ​លើក​ឡើង​បែប​នេះ ត្រូវ​បាន​អង្គការសុខភាពពិភពលោក​បដិសេធថា ការ​បាញ់អាល់កុល ឬក្លរីន​ពេញ​ខ្លួន​មិន​អាច​សម្លាប់​វីរុស COVID-19​ ដែល​ចូល​ទៅ​ក្នុង​ខ្លួន​រួច​ហើយ​នោះ​ទេ។ ការ​បាញ់​សារធាតុ​ផ្តេសផ្តាស​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ប្រើប្រាស់​បាន។

Coronavirus: not all hand sanitisers work against it – here's what ...

៩.ញ៉ាំខ្ទឹម​ស អាច​ការពារ​វីរុស​ COVID-19 បាន

អង្គការសុខភាពពិភពលោក​បាន​បញ្ជាក់​ថា ខ្ទឹមស ជា​អាហារ​ដែល​ជួយ​ឲ្យ​សុខភាព​ល្អ តែ​គ្មាន​ការសិក្សា​ច្បាស់​លាស់​ឡើយ​ថា ការ​ញ៉ាំ​ខ្ទឹមស​អាច​ការពារ មិន​ឲ្យ​ឆ្លង​វីរុស COVID-19 នេះ។

Boiled Garlic Water For Treating Coronavirus? Not Really

និយាយ​រួម ទស្សនៈ​ទាំងអស់នេះ​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម គ្មាន​សិក្សា​ច្បាស់លាស់ប៉ុណ្ណោះ តែ​អ្វី​ដែល​អាច​ការពារ​មិន​ឲ្យ​ឆ្លង​វីរុស​ COVID-19 បាន គឺ​ធ្វើ​តាម​ការ​ណែនាំ​អនាម័យ​​ត្រឹម​ត្រូវ​របស់​អង្គការសុខភាពពិភពលោក។​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ