សោកស្ដាយណាស់!! ពលរដ្ឋខ្មែរនៅអាមេរិកម្នាក់ទៀតហើយ បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ ក៏ព្រោះតែភាពយឺតយ៉ាវ មិនយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យនៅទីក្រុងញូវយ៉ក (មានវីដេអូ)

549

(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែររស់នៅអាមេរិកម្នាក់ទៀត បានទទួលមរណភាពដោយសារតែជំងឺកូវីដ១៩ កាលពីម៉ោង១១៖៤៥នាទីព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០។ មរណភាពនេះត្រូវបានអះអាងថា កើតមកពីភាពយឺតយ៉ាវមិនយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យក្នុងការមកទទួលយកអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យ។ ពលរដ្ឋខ្មែរដែលទទួលមរណភាពដោយសារជំងឺកូវីដ១៩នេះ មានឈ្មោះ ពុជ រស្មី អាយុ៥៤ឆ្នាំ រស់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

យោងតាមលោក ជា ហួង ដែលជាមិត្តភក្តិបានបញ្ជាក់មកអង្គភាពព័ត៌មាន ឲ្យដឹងថា នៅមុនពេលជនរងគ្រោះឈានដល់បាត់បង់ជីវិត លោក ពុជ រស្មី បានកើតជំងឺគ្រុន ហើយបានព្យាយាមទាក់ទងទៅគ្រូពេទ្យជាច្រើនដង តែគេមិនមកទទួលយកទៅព្យាបាលនោះឡើយ ដោយគេឆ្លើយតបថា ជំងឺនៅសភាពធូរស្រាលនៅឡើយ ចាំស្ថានភាពធ្ងន់ទើបទៅទទួល។

រហូតដល់ស្ថានភាពធ្ងន់ធ្ងរខ្លាំង ទើបក្រុមគ្រូពេទ្យមកទទួលយកអ្នកជំងឺទៅមន្ទីរពេទ្យនៅទីក្រុងញូវយ៉ក។ បើតាមលោក ជា ហួង ពេលមកទទួលនេះ ក្រុមគ្រូពេទ្យមិនបានទៅលើកអ្នកជំងឺនោះទេ ព្រោះតែខ្លាចឆ្លងជំងឺ ដោយតម្រូវឱ្យគ្រួសារលើកអ្នកជំងឺដាក់លើរថយន្តសង្គ្រោះដោយខ្លួនឯងជំនួសវិញ។

លោក ជា ហួង បានឱ្យដឹងថា ក្រោយពេលយកទៅដល់មន្ទីរពេទ្យគេមិនបានអនុញ្ញាតឱ្យក្រុមគ្រួសារចូលទៅជិតនោះឡើយ ហើយពេលទទួលមរណភាពក៏មិនបានឱ្យគ្រួសារសាច់ញាតិទៅជិតផងដែរ។ លោក ជា ហួង បានលើកឡើងថា មរណភាពរបស់លោក ពុជ រស្មី គឺបណ្តាលមកពីភាពយឺតយ៉ាវរបស់ក្រុមគ្រូពេទ្យ។ លោកថា បើក្រុមគ្រូពេទ្យយកចិត្តទុកដាក់ហើយទៅទទួលអ្នកជំងឺតាំងពីឈឺដំបូង គឺមិនប៉ះពាល់ដល់អាយុជីវិតបែបនេះឡើយ។ លោកក៏បានបញ្ជាក់ផងដែរថា សេវាសុខាភិបាលនៅសហរដ្ឋអាមេរិកមិនងាយស្រួលនោះឡើយ ពេលឈឺគឺមិនងាយហៅគ្រូពេទ្យមកទទួលទៅព្យាបាលនោះឡើយ។

រហូតមកដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ សហរដ្ឋអាមេរិក មានអ្នកកើតជំងឺកូវីដ១៩ ចំនួន ៣២១,៥១៧នាក់ហើយ ខណៈអ្នកស្លាប់មានរហូតដល់ ៩,១២៩នាក់ ហើយអ្នកព្យាបាលជាមានចំនួន ១៦,៥៧០នាក់។ ប្រទេសអាមេរិក ក្លាយជាប្រទេសដែលមានអ្នកកើតជំងឺកូវីដ១៩ច្រើនជាងគេបំផុត ក្នុងចំណោមប្រទេស និងដែនដីចំនួន២០៨ ដែលកើតមានជំងឺនេះ។

នៅសហរដ្ឋអាមេរិកជាដែនដីមួយ ដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើនណាស់ផងដែរ។ តែមកដល់ពេលនេះមិនទាន់មានរបាយការណ៍ ឬទិន្នន័យច្បាស់លាស់ថា តើមានពលរដ្ឋខ្មែរប៉ុន្មាននាក់ឆ្លង និងប៉ុន្មាននាក់ប៉ះពាល់អាយុជីវិតនោះឡើយ?

តែព័ត៌មានដែល ទទួលបាន លោក ពុជ រស្មី គឺជាពលរដ្ឋខ្មែររស់នៅអាមេរិកទីពីរហើយដែលស្លាប់ដោយជំងឺកូវីដ១៩ ខណៈដែលជនទីមួយ គឺម្តាយរបស់លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមហ៊ុននាំចេញអង្ករ Amru Rice។ ម្តាយរបស់លោក សុង សារ៉ន ដែលមានអាយុ ៦៥ឆ្នាំ បានស្លា.ប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ។

បងប្រុសម្នាក់ដែលរស់នៅសហរដ្ឋអាមេរិកជាមិត្តភក្រ្តលោក ពុជ រស្មី បានប្រាប់បន្ថែមឲ្យដឹងថា សាកសពលោក ពុជ រស្មី ត្រូវបានក្រុមគ្រូពេទ្យរក្សាទុកនៅក្នុងសាលតម្កល់សព រយៈពេល៧ថ្ងៃសិន ទើបផ្តល់ដំណឹងឲ្យដឹង គឺមិនអនុញ្ញាតឲ្យសមាជិកគ្រួសារទៅជិតនោះឡើយ។ គ្រូពេទ្យបានប្រាប់ថា ក្រោយពី៧ថ្ងៃ គ្រូពេទ្យយកទៅសាកសពទៅបូជា ដោយតម្រូវឲ្យសាច់ញាតិគ្រួសារបង់លុយ៣០០០ដុល្លារទៀតសម្រាប់ការបូជា។

សូមបញ្ជាក់ដែរថា សហរដ្ឋអាមេរិក កំពុងជួបការលំបាកយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដោយសារតែចំនួនអ្នកឆ្លងកើនឡើងច្រើន ធ្វើឱ្យខ្វះមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺ ហើយក្រុមគ្រូពេទ្យ និងសម្លៀកបំពាក់ សម្ភារៈផ្សេងៗទៀត សម្រាប់គ្រូពេទ្យប្រើប្រាស់ក៏ខ្វះខាតផងដែរ៕