បុរសដែលដៀសខ្មែរ «ថោកទាប» លោក នី ណាក់ សម្តែងការខឹងសម្បារ ថា លោកព្រាត់ប្រាសចោលកូន បាត់បង់ការងារ មុខរបរខាតបង់ ព្រោះបងប្អូនមួយចំនួនចាំជាន់ពន្លិច

48423

(ភ្នំពេញ)៖ លោក នី ណាក់ ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ “Iman-KH” និង ជាម្ចាស់ភាគហ៊ុនមីក្រូហិរញ្ញវត្ថុមួយផងនោះ បានសម្តែងការខឹងសម្បារ ថា “ពេលនេះខ្ញុំបានព្រាត់ប្រាសចោលកូន ឃ្លាតចាកពីផ្ទះ បាត់បង់ការងារ មុខរបរខាតបង់ ព្រោះតែបងប្អូនមួយចំនួនចាំជាន់ពន្លិចខ្ញុំ”។

នេះបើយោងតាមសំណេររបស់លោក នី ណាក់ ដែលបានសរសេរបង្ហោះជាសាធារណៈ នៅថ្ងៃទី២៨ ខែមីនា​ ឆ្នាំ២០២០ នេះ ។

លោក នី ណាក់ ដែលត្រូវបានប្រជាពលរដ្ឋស្ទើរពេញផ្ទៃប្រទេស ស្អប់​និងខឹងយ៉ាងខ្លាំងក្លា ព្រោះបានប្រមាថ ប្រជាជនកម្ពុជា ថា “ជាមនុស្សចោលម្សៀតគ្មានបានការនិងជាប្រជាជនថោកទាប” គ្រាន់តែស្នើសុំសម្តេចតេជោ ហ៊ុន សែន អន្តរាគមន៍ រឿងជំពាក់ប្រាក់ធនាគារ នោះ បានសរសេរទៀតថា “តើពេញចិត្តហើយមែនទេដែលថា ខ្មែរស្រលាញ់ខ្មែរ? យួនមកនៅស្រុកខ្មែរដោយខុសច្បាប់ យួនបានដី បានផ្ទះ បានការថែទាំយ៉ាងកក់ក្តៅ ប៉ុន្តែ ខ្មែរមិនដែលខ្វល់ខ្វាយសោះឡើយ បែរជាមកចាត់ទុកប្រជាជនខ្មែរម្នាក់នេះគឺជាសត្រូវបែបនេះទៅវិញ។ តើទង្វើរបស់ខ្ញុំ នាំមហន្តរាយអ្វីដល់អ្នកគ្រប់គ្នា?”។

លោក នី ណាក់ បានបន្ថែមទៀតថា “អ្នកខ្លះមេជួញដូរគ្រឿងញៀនដ៏ធំ មេកាប់បំផ្លាញព្រៃឈើ លក់ដីរដ្ឋ បំផ្លាញធនធានធម្មជាតិ ឆក់ប្លន់ដណ្តើមដីរបស់ប្រជាពលរដ្ឋ សម្លាប់មនុស្ស ធ្វើទង្វើអាក្រក់ទុច្ចរិតច្រើនណាស់ ប៉ុន្តែពួកគេរស់នៅយ៉ាងសុខសាន្តថែមទាំងអ្នកខ្លះកោតសរសើរគេថែមទៀត។ តើនេះឬយុត្តិធម៌សង្គមដែលអ្នកស្អប់ខ្ញុំចង់បាន?”៕