រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកសេវារថយន្ដក្រុងសាធារណៈ និងកាណូត ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩

207

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានសម្រេចផ្អាកការផ្ដល់សេវារថយន្ដក្រុងសាធារណៈ និងសេវាកាណូតជាបណ្ដោះអាសន្ន ចាប់ពីនេះតទៅ ដើម្បីទប់ស្កាត់ការឆ្លង COVID-19 នៅក្នុងប្រទេសកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លង និងការរីករាលដាលមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកការផ្ដល់សេវារថយន្ដក្រុង និងសេវាកាណូត ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ស្ថានការណ៍ នៃមេរោគកូវីដ១៩ បានធូរស្បើយ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថាសាធារណជន និងប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវារថយន្ដក្រុង និងសេវាកាណូត យោគយល់អធ្យាស្រ័យ និងចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ នេះទាំងអស់គ្នា៕