សម្ដេចក្រឡាហោម ស ខេង៖ «បើចំនួនអ្នកឆ្លងកូវីត១៩នៅបន្ដកើនឡើង ជៀសមិនផុតពីការដាក់កម្ពុជាក្នុងគ្រាអាសន្ន! »

315

(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា មកដល់ពេលនេះ គឺមិនទាន់មានការដាក់ប្រទេសក្នុងគ្រាអាសន្នទេ ប៉ុន្ដែសម្ដេចតេជោ នាយករដ្ឋមន្ត្រី លោកមានប្រសាសន៍ថា កំពុងពិចារណា ខ្ញុំគិតថាប្រសិនណាជាស្ថានភាពនេះ វាកាន់តែរីកចំនួនអ្នកផ្ទុកមេរោគនេះ ជៀសមិនផុតទេ ប៉ុន្ដែក្នុងស្ថានភាពបច្ចុប្បន្នក្នុងកម្រិតប៉ុណ្ណឹង ប្រហែលជាមិនទាន់មានទេ ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបសំណេះសំណាលជាមួយមន្ដ្រីរាជការនៅខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចកំពុងពិចារណា ក្នុងការទូលថ្វាយសូមព្រះរាជានុញ្ញាត ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឲ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា ខណៈដែលមានប្រទេសដ៍ទៃបានធ្វើរួចហើយ ដូចជាប្រទេសថៃ ប្រទេសឥណ្ឌា ក៏បានប្រកាសរួចហើយដែរ ហើយសម្តេចកំពុងឲ្យមានការសិក្សាអំពីវិសាលភាព នៃការដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះ៕