មិនរួចខ្លួនទេ! នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នឹងចាត់ការតាមច្បាប់ចំពោះម្ចាស់ Page ដែលចែកចាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធ កូវីដ១៩

749

(ភ្នំពេញ)៖ មន្រ្តីនគរបាលជាន់ខ្ពស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រាប់បណ្តេញសារព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ថា «ក្នុងពេលដែលប្រជាពលរដ្ឋ មានការព្រួយបារម្ភ ទាក់ទងទៅនឹងការឆ្លងរាតត្បាតនៃជំងឺ កូវីដ១៩ ក៏មាន Page មួយចំនួន (KRT_Shop) បានឆ្លៀតឱកាស ធ្វើការបង្ហោះព័ត៌មាន ឬរូបភាព ដែលផ្ទុយទៅនឹងបម្រាមដើម្បីការពារការឆ្លងជំងឺ កូវីដ១៩»។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា «ការបង្ហោះព័ត៌មាន ឬរូបភាព ដែលផ្ទុយទៅនឹងបម្រាមបែបនេះ គឺក្នុងគោលបំណង ដើម្បីទទួលបានការទាក់ទាញ ការចាប់អារម្មណ៍ ចូលមើល ឬចុចឡែក បានច្រើនទៅលើ page របស់ពួកគេប៉ុណ្ណោះ»។

មន្រ្តីនគរបាលរូបនេះ បានចាត់ទុកថា ក្នុងគោលបំណង ដើម្បីទទួលបានការទាក់ទាញ ការចាប់អារម្មណ៍ ចូលមើល ឬចុចឡែក បានច្រើនទៅលើ Page របស់ពួកគេប៉ុណ្ណោះ តែតាមពិតព័ត៌មាននេះ ត្រូវបានធ្វើការបង្ហោះ កាលពីឆ្នាំកន្លងទៅ ហើយពុំមានការទាក់ទងទៅនឹងជំងឺ COVID-19 នោះទេ។ ហេតុដូច្នេះហើយ សូមប្រជាពលរដ្ឋទាំងអស់ កុំមានការយល់ច្រឡំ។

សូមរំឮកផងដែរថា ដើម្បីទប់ស្កាត់កុំឲ្យឆ្លងជំងឺ COVID-19 បងប្អូនប្រជាពលរដ្ឋ ត្រូវរក្សាគម្លាតពីគ្នា យ៉ាងតិចឲ្យបានមួយម៉ែត្រកន្លះ ទៅពីរម៉ែត្រ, ពាក់ម៉ាសនៅកន្លែងដែលមានមនុស្ស និងលាងដៃឲ្យបានជាប្រចាំ។ នេះការណែនាំរបស់ក្រសួងសុខាភិបាល៕