សម្តេច ស ខេង ៖ បើរកឃើញអ្នកឆ្លងកូវីដ ២ទៅ៣នាក់ អាចបិទភូមិ មិនឲ្យមានការចេញចូលតែម្តង !

666

(ភ្នំពេញ)៖ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ សម្តេច ស ខេង ថ្លែងដូច្នេះថា៖ «…អ្នកណាមួយកើត [កូវីដ-១៩] គឺថាឃុំមួយផ្ទះហ្នឹង ឬថា ឃុំមួយកំណាត់ភូមិហ្នឹង ឧទាហរណ៍ថាភូមិ ដាច់ដោយឡែកពីគ្នា ៤-៥ផ្ទះអ៊ីចឹងទៅ»

សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាក់ថា បើភូមិណា មានមនុស្សច្រើន អាចថា ពី២ទៅ៣នាក់ឡើងទៅ ជាពិសេសសំដៅលើអ្នកដែលទើបនឹងមកថៃ និងប្រទេសនានា បានឆ្លងកូវីដ-១៩ ភូមិនោះ អាចនឹងបិទ មិនឲ្យមានការចេញចូលតែម្តង។ «យើង អាចឃុំកន្លែងហ្នឹង កុំឲ្យគាត់ចេញទៅណា ហើយបើថា ភូមិហ្នឹងជាប់គ្នា ហើយមានច្រើននាក់ ២ទៅ៣នាក់អ៊ីចឹងទៅ គឺថា ឃុំ [បិទ] ទាំងភូមិហ្នឹងតែម្តង ប៉ុន្មានភូមិហ្នឹង…»។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ពលករខ្មែរជិត១ម៉ឺននាក់ បានសម្រុកចេញពីថៃ មកកម្ពុជាវិញ។ នៅថ្ងៃទី២៣ ខែមីនា គឺថ្ងៃចុក្រោយ ដែលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រទ្វារព្រំដែនគោកផ្សេងទៀតរវាងកម្ពុជា-ថៃ នៅដំណើរការ។ ក្រសួងពាក់ព័ន្ធនានា អំពាវនាវឲ្យពលកខ្មែរគ្រប់រូប ដែលទើបនឹងមកពីថៃនិងប្រទេសផ្សេងៗ ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤សិន ដើម្បីចៀសវាងការឆ្លងកូវីដ-១៩ ទៅសមាជិកគ្រួសារ ឬអ្នកដទៃ៕