ភ័យបាសសក់! រថយន្តស្ទួចក្រឡាប់ផ្ងារជើង ប៉ះជាមួយយានយន្តជាច្រើនគ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

395

(ព្រះសីហនុ) ៖ ស្តីពីគ្រោះ ថ្នាក់បណ្តាលមកពីរថយន្តស្ទូច នៅក្រុងព្រះសីហនុ ករណីនេះសមត្ថកិច្ចបញ្ជាក់ថាជាគ្រោះថ្នាក់ការងារ មិនមែនជាគ្រោះ ថ្នាក់ចរាចរណ៍ទេ បានកើតឡើងនៅវេលាម៉ោងជិត៩ព្រឹក​ថ្ងៃទី១៦.០៣.២០២០​ តាមផ្លូវសាធារណៈមួយកន្លែងក្នុងសង្កាត់លេខ២​ ក្រុង​ព្រះសីហនុ​ ម្តុំផ្លូវចុះពីអប្សរាថតរូបមកក្រោម បង្កឡើងដោយរថយន្តស្ទូច ០១គ្រឿងម៉ាក KATO ពណ៌ លឿង គ្មានផ្លាកលេខ ជាកម្មសិទ្ធរបស់ឈ្មោះ តាយ ស្នាក់នៅ ភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ ពេលកំពុងស្ទូចសម្ភារៈសំណង់ បានដួលរលំសង្កត់ មកលើយានយន្តមួយចំនួនរួមមាន៖

១, រថយន្តស្ទូចម៉ាក HOWO ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ3F-1339 ម្ចាស់ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ ៣២ឆ្នាំ នៅខេត្តកំពង់ស្ពឺ ។

២, រថយន្តម៉ាក LEXUS RX300 ពណ៌ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2N-1475 ម្ចាស់ឈ្មោះ CHEN EI HAO ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិចិន ស្នាក់នៅ កន្លែងកើតហេតុ ។

៣, ឡំប្រឺតាកង់៣ ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ1HA-1873 ម្ចាស់ឈ្មោះ ទឹម ភា ភេទប្រុស អាយុ ៤១ឆ្នាំ នៅខេត្តព្រៃវែង ។

៤, បង្គោលភ្លើងអគ្គិសនីខេត្តព្រះសីហនុ ចំនួន ០១ដើម ។ ក្រៅពីការខូចខាតយានយន្តនិងសម្ភារៈផ្សេងៗ សំណាងល្អ មិនមានមនុស្សរងគ្រោះ ថ្នាក់ទេ។

ក្រោយហេតុការណ៍នេះ សមត្ថកិច្ចចម្រុះមាន ថ្នាក់ដឹកនាំខេត្ត ក្រុង កម្លាំងនគរបាល កងរាជអាវុធហត្ថនិងសមត្ថកិច្ចមូលដ្ឋាន សហការ អន្តរាគមន៍ដោះស្រាយបញ្ហាផ្សេងៗនិងសម្រួលចរាចរណ៍ ។ បច្ចុប្បន្នវត្ថុតាង នគរបាលជំនាញចាត់ចែងនាំយកមករក្សាទុកដើម្បីដោះស្រាយបន្ត៕