វិភាគអន្តរជាតិ ៖ មេរៀនឈឺចាប់នៃវិបត្តិ Covid-19 ក្នុងបរិបទចិន

1165

ការផ្ទុះវីរុសកូរ៉ូណាថ្មី បាននាំមកនូវឱកាសសំរាប់រដ្ឋាភិបាល និងប្រជាជនចិន បង្វែវិបត្តិទៅជាកាលានុវត្តភាព

វិបត្តិអូសបន្លាយនៃជំងឺ Covid-19 អាចត្រូវបានមើលឃើញថាជា ព្រឹត្តិការណ៍មិនអាចប៉ាន់ស្មានបាន មិនសំរាប់តែចិនមួយទេ តែក៏សំរាប់ពិភពលោកទាំងមូលផងដែរ។ វាជាព្រឹត្តិការណ៍ ស្មានមិនដល់ ដែលមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ មិនមានអ្វីសង្ស័យទេ ថាចិនបានរងគ្រោះខ្លាំងបំផុតពីវិបត្តិនេះ ទាំងសេដ្ឋកិច្ច សង្គម និងនយោបាយ។ យ៉ាងណាក្តី វាជាព្រឹត្តិការណ៍ដែលនៅត្រូវជជែកពិភាក្សាថា តើចិន ឬបក្សកុម្មុយនិស្ត​ចិនឈានទៅតាមអភិក្រម ជាចំណុចឆ្លុះបញ្ចាំងពីការប្រេះបែក ឬជាបដិវត្តន៍មួយទៀត ដែលនឹងកើតមាន។

អតីតអ្នកសិក្សានៅសាលាគោលនយោបាយសាធារណៈ លី ក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី Sun Xi ដើមកំណើតចិន ជាអ្នកអត្ថាធិប្បាយឯករាជ និយាយថា ក្នុងទស្សនៈរបស់គាត់ វិបត្តិ Covid-19 បង្ហាញជាឱកាសដ៏កម្រសំរាប់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងការឆ្លុះបញ្ចាំងខ្លួនឯងអោយបានហ្មត់ចត់ ស្ងប់ស្ងៀម និងល្អិតល្អន់ ហើយអាចថា ចិនអាចនឹងបង្វែរវិបត្តិនេះ អោយទៅជាកាលានុវត្តភាព ដែលមានផលប្រយោជន៍មិនបានរំពឹងទុកជាច្រើនទៀតផង។

Image result for china coronavirus

ទី១ វិបត្តិ Covid-19 ជាការសាកល្បងមួយជាក់ស្តែង។ យោងតាមប្រធានាធិបតីចិន ស៊ី ជិនពីង ជំងឺឆ្លងនេះ ជាគ្រាអាសន្នសុខភាពសាធារណមួយដ៏ធំ ដែល “មានការរាលដាលលឿនបំផុត មានទំហំឆ្លងជំងឺធំ និងមានការលំបាកក្នុងការការពារ និងត្រួតត្រាបំផុត” គិតតាំងពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិន​ កាលពីឆ្នាំ ១៩៤៩។ លោកថា “នេះជាវិបត្តិមួយសំរាប់ចិន ហើយក៏ជាការសាកល្បងមួយដែរ”។

វានៅឆាប់នៅឡើយ ដើម្បីនឹងនិយាយថា តើចិនបានឆ្លងផុតការសាកល្បងដោយជោគជ័យឬយ៉ាងណា តែប្រទេសទាំងមូលពិតជាបានសិក្សា និងលត់ដំពីមហន្តរាយដ៏លំបាកនេះ។ ចេញពីការតក់ស្លុតស្លន់ស្លោរពីខាងដើម មកដល់ការឆ្លើយតបគ្រប់ជ្រុងជ្រោយ និងងើបឡើងវិញដោយរៀបរយនាពេលថ្មីៗ នេះ ចិនបានបង្ហាញពីភាពធន់ទ្រាំបាន សមត្ថភាពសំរបខ្លួន ភាពមានគ្រប់ធនធានជាតម្រូវការ និងការជឿទុកចិត្តលើខ្លួនឯង គួរអោយកត់សម្គាល់។

Image result for china coronavirus

ទី២ វិបត្តិ Covid-19 ជាកាតាលីករដ៏មានតម្លៃ។ ច្បាស់ណាស់ ចិនបានបង្ហាញអោយឃើញនូវភាពខ្សោយមួយចំនួននៅក្នុងវិបត្តិនេះដែរ តែចិនបានប្តេជ្ញាសិក្សាពីការខ្វះខាតដែលបានលេចចេញមក នៅក្នុងការឆ្លើយតបរបស់ខ្លួន ពិសេសបញ្ហាដែលថាតើបង្កាវិបត្តិរបៀបនេះយ៉ាងណា ដើម្បីកុំអោយកើតមានតាំងពីដំបូងដៃ ជាជាងធ្វើការត្រួតពិនិត្យដោយប្រើវិធានការ និងកម្លាំងដ៏ខ្លាំងៗ បន្ទាប់ពីការផ្ទុះជំងឺរាលដាល។

ចិន បានអះអាងថា នឹងធ្វើការកែទំរង់ ហើយធ្វើអោយបានប្រសើរឡើងនូវប្រព័ន្ធឆ្លើយតបវិបត្តិសុខភាព ក៏ដូចជាពង្រឹងប្រព័ន្ធថែទាំសុខភាពរបស់ខ្លួន។ សមាជជាតិប្រជាជន ឬជាសភានីតិបញ្ញត្តិរបស់ចិន បានធ្វើការសំរេចចិត្តយ៉ាងលឿន ស្តីពីការហាមឃាត់ការលក់ដូរ និងទទួល​ទានសត្វព្រៃ។ ជាមួយគ្នានោះ ចិន ក៏នឹងពន្លឿនច្បាប់ស្តីពីសន្តិសុខជីវសាស្ត្រ។

ចុងក្រោយ តែក៏សំខាន់ដែរ វិបត្តិ Covid-19 ជាការវាស់វែងមួយដ៏កម្រ។ ទីមួយ វាជាការវាស់វែងពីឥទ្ធិពលរបស់ចិនតែម្តង។ ពេលដែលចិនក្អក ពិភពលោកទាំងមូលផ្តាសាយ។ វិបត្តិនេះបានបង្ហាញយ៉ាងរស់រវើកពីតួនាទីដ៏សំខាន់របស់ចិន នៅក្នុងខ្សែសង្វាក់តម្លៃសាកល និងកម្លាំងទិញដ៏មានឥទ្ធិពលរបស់ខ្លួន។

ពេលដែលចិនគ្រាន់តែឈប់ផលិត និងផ្អាកទិញ ប្រទេសជាច្រើនក៏រងគ្រោះយ៉ាងខ្លាំង។ ការនេះស្តែងបង្ហាញថា ចក្ខុវិស័យចិន អំពី “ជោគវាសនារួមគ្នាសំរាប់មនុស្សជាតិ” មានសុពលភាពមែន។

វាជាការវាស់វែងមួយនៃការអភិបាលកិច្ចដែលមានប្រសិទ្ធភាព។ ជាការងាយទេ ដើម្បីនឹងរិះគន់ នៅពេលដែលការឆ្លងរាលដាលនេះ បានកើតឡើងនៅក្នុងប្រទេសចិន។ តែពេលនេះ ការផ្ទុះជំងឺរាលដាល កំពុងតែកើតមាននៅទូទាំងសកលលោកទៅហើយ។

វេជ្ជបណ្ឌិត Bruce Aylward ដែលដឹកនាំក្រុមការងារអង្គការសុខភាពពិភពលោក ទៅកាន់ប្រ​ទេសចិន បានសង្កត់ធ្ងន់ថា ការវាយបករបស់ចិន អាចនឹងចម្លងយកទៅប្រើបាន តែវាត្រូវការល្បឿន លុយកាក់ ការប៉ាន់ប្រមាណ និងសេចក្តីក្លាហានខាងនយោបាយ។ ពេលនោះយើងនឹងអាចមើលឃើញបាន ថាតើប្រទេសផ្សេងទៀត ពិសេសប្រទេសប្រជាធិបតេយ្យ អាចនឹងស្រាយវិបត្តិរបស់ខ្លួន ល្អជាងចិនឬទេ។ ការប្រៀបធៀបនៅពេលក្រោយ នឹងស្តែងអោយឃើញច្បាស់។

Image result for china coronavirus

ទី៣ វិបត្តិនេះ ជាការវាស់វែងទំនាក់ទំនងជាទ្វេភាគី។ ទោះបីវាជាការពិតមួយដែលលំបាកនឹងកើតមានថា “មិនមានមិត្តអចិន្ត្រៃយ៍ ឬសត្រូវអចិន្ត្រៃយ៍ និងមានតែផលប្រយោជន៍អចិន្ត្រៃយ៍” នៅក្នុងទំនាក់ទំនងអន្តរជាតិក៏ដោយ ប្រជាជនចិន ជាប្រពៃណី និងសូម្បីតែប្រធានាធិបតី ស៊ី ជិនពីង ខ្លួនឯង មានជំនឿយ៉ាងរឹងមាំថា “មិត្តក្នុងគ្រាក្រ គឺជាមិត្តពិតប្រាកដ” ដែលចិន និយាយថា huànnàn jiàn zhēnqíng។

ដោយហេតុនេះ វិបត្តិ Covid-19 បានកែប្រែការយល់ឃើញរបស់ចិន នៅតាមប្រទេសជាច្រើន និងអាចថាមានផលប៉ះពាល់ដ៏ជ្រាលជ្រៅលើគោលនយោបាយការបរទេសនាពេលអនាគតរបស់ខ្លួន។

Image result for china coronavirus

មានសុភាសិតចាស់មួយ តែមានប្រជាប្រីយ៍របស់ចិន និយាយថា “ទុក្ខព្រួយច្រើន ធ្វើអោយ ជាតិភ្ញាក់ខ្លួនសកម្មឡើងវិញ” ឬជាភាសាចិនថា duōnàn xīngbāng។ ពាក្យនេះបង្ហាញទាំងពីភាពខ្លាំង និងភាពខ្សោយ របស់ចិន។ ចិនពូកែសំរបខ្លួនជាមួយវិបត្តិ ដែលនៅក្នុងនោះ សង្គមចិនកាន់តែមានការលើកទឹកចិត្ត និងរួបរួមគ្នា តែវាក៏មិនល្អទេ ក្នុងការបង្កាកុំអោយមានវិបត្តិជាមុន គឺការខ្វះនូវការដឹងមុនអំពីវិបត្តិ។ ដោយហេតុនេះហើយ ប្រជាជាតិចិន អាចឆ្លងកាត់នូវការមិនអនុគ្រោះច្រើនក្នុងប្រវត្តិសាស្ត្រ តែសោកនាដកម្មដដែលៗ ក៏នៅតែអាចកើតមាន។

មេរៀនដ៏ឈឺចាប់ពីវិបត្តិជម្ងឺ SARS ឬជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ កាលពីឆ្នាំ ២០០៣ ហាក់ដូចជាមិនត្រូវបានចងចាំអោយមុតមាំដោយសង្គមចិនទាំងមូលនោះទេ។ តើចំណុចល្អៗ ដែលបានពីវិបត្តិ Covid-19 ប្រកបដោយសោកនាដកម្មនេះ នឹងនៅបានយូរប៉ុណ្ណា? មានតែពេលវេលាប៉ុណ្ណោះ ដែលអាចប្រាប់បាន៕