វីរវហើយ! អ្នកចាត់ការក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta មានផ្ទុកនូវវីរ៉ុសកូវីដ១៩ ក្រោយការធ្វើតេស្ដមានភាពវិជ្ជមាន

95

(កីឡា)៖ លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្រុម Arsenal ត្រូវបានគេពិនិត្យឃើញជាវិជ្ជមានទៅលើវីរុសកូរ៉ូណា ដែលនាំឲ្យក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League ប្រកាសថា ពួកគេរៀបចំកិច្ចប្រជុំជាបន្ទាន់មួយនៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាទៅលើកម្មវិធីប្រកួត។

ក្លិប Arsenal បានបិទការហ្វឹកហាត់របស់ខ្លួន ដោយសារតែលទ្ធផលវិជ្ជមានរបស់លោក Arteta ខណៈដែលកីឡាកររបស់ក្រុមកាំភ្លើងធំ និងបុគ្គលិករបស់ក្លិប ដែលបានប៉ះពាល់ផ្ទាល់ជាមួយនឹងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បច្ចុប្បន្ន ត្រូវបង្ខំចិត្តផ្តាច់ខ្លួននៅដាច់ដោយឡែកពីគេ។ លោក Arteta បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្លិប Arsenal ថា៖ «នេះគឺជារឿងដ៏ខកចិត្តមួយ ប៉ុន្តែ ខ្ញុំបានធ្វើតេស្ត ក្រោយពីមានអារម្មណ៍មិនសូវស្រួលខ្លួន។ ខ្ញុំនឹងចូលធ្វើការភ្លាមៗ នៅពេលដែលខ្ញុំត្រូវបានគេអនុញ្ញាតឲ្យចូលធ្វើការវិញ»។

ក្លិប Arsenal បានប្រកាសព័ត៌មានដ៏មិននឹកស្មានដល់នេះ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយពីក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ បានបញ្ជាក់ថា រាល់កម្មវិធីប្រកួតទាំងអស់នឹងត្រូវដំណើរការជាធម្មតា នៅចុងសប្តាហ៍នេះ បើទោះបីមានការឆ្លងមេរោគកូរ៉ូណាទូទាំងពិភពលោកក៏ដោយ។ Arsenal ដែលនឹងត្រូវប្រកួតនៅលើទឹកដីក្រុម Brighton ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ បានបញ្ជាក់ថា ខ្លួនមានភាពច្បាស់លាស់ហើយថា «យើងនឹងមិនអាចលេងការប្រកួតមួយចំនួនក្នុងកម្មវិធីប្រកួតនាពេលបច្ចុប្បន្នបានឡើយ»៕