(ភ្នំពេញ)៖ ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពទទួលរងនូវការវាយលុកយ៉ាងខ្លាំង ពីជម្ងឺ COVID-19 ដែលពេលនេះកំពុងរាតត្បាតចាប់ពីជ្រុងផែនដីម្ខាងទៅជ្រុងនៃផែនដីម្ខាងទៀត ។ គិតត្រឹមថ្ងៃទី៥ ខែមីនានេះ ជម្ងឺ COVID-19 បានឆ្លងរាលដាលដល់ជាង ៨០ប្រទេស មានប្រជាជនចំនួន ៩៥.០០០ បានទទួលការឆ្លង និងជាង ៣២០០នាក់ បានស្លាប់រួចទៅហើយ ។ ក្រៅពីប្រទេសចិនដែលមានចំនួនមនុស្សឆ្លង និងស្លាប់ច្រើនជាងគេ គេឃើញនៅក្នុងទ្វីបអាស៊ីយើងនេះដែរ ប្រទេសដែលទទួលរងការវាយលុកធ្ងន់ជាងគេ គឺកូរ៉េខាងត្បូង និងជប៉ុន, នៅមជ្ឈឹមបូព៌ា មានអ៊ីរ៉ង់ ដែលជម្ងឺនេះបានឆ្លងរហូតទៅដល់អ្នកនយោបាយជាន់ខ្ពស់ ចំណែកនៅអឺរ៉ុប ប្រទេសដែលរងគ្រោះធ្ងន់ជាងគេ គឺអ៊ីតាលី ។ សិស្ស និស្សិតជាង ៣០០លាននាក់ ក្នុងទូទាំងពិភពលោកត្រូវផ្អាកការសិក្សាឲ្យស្នាក់នៅតែក្នុងផ្ទះ ។
ចាប់ពីអឺរ៉ុបប៉ែកខាងលិចរហូតទៅដល់អាស៊ីប៉ែកខាងកើត ទីផ្សារធំៗត្រូវបានបិទទ្វារ ព្រោះគ្មានទំនិញផ្គត់ផ្គង់ ។ សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងការធ្លាក់ចុះដោយគ្មានអ្នកណាអាចធ្វើការព្យាករណ៍បាន ។ មូនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសាកល្បងព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកអាចស្ថិតនៅក្រោម ២,៩% នៅឆ្នាំ២០២០នេះ ប៉ុន្តែគេមិនទាន់ដឹងថា តើពិតប្រាកដនោះ វាធ្លាក់ចុះដល់កម្រិតណា? វាមានរយៈពេលយូរប៉ុនណា ហើយមានផលប៉ះពាល់ធ្ងន់ធ្ងរយ៉ាងណា គឺមិនទានមានអ្នកណាអាចសន្និដ្ឋានបានទេ ។ ប៉ុន្តែ IMF បានផ្តល់ប្រាក់ ៥០ពាន់លានដុល្លារ សម្រាប់ផ្តល់ទៅឲ្យប្រទេសទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 ។ ដោយឡែក ធនាគារពិភពលោកបានសន្យាផ្តល់ ១២ពាន់លានដុល្លារ សម្រាប់ជាជំនួយក្នុងគ្រាអាសន្ន សម្រាប់ប្រទេសអភិវឌ្ឍន៍ ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺ COVID-19 ដែរ ។
ដោយឡែក ប្រទេសកម្ពុជាក៏កំពុងចាត់វិធានការអន្តរាគមន៍បន្ទាន់ ដើម្បីដោះស្រាយផលវិបាកនៃការរីករាលដាលជម្ងឺ COVID-19 ។ តាមការវាយតម្លៃជាបឋម ជម្ងឺ COVID-19 ក៏បានបង្កឲ្យមានផលប៉ះពាល់មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច គឺ វិស័យទេសចរណ៍ វិស័យកាត់ដេរ និងវិស័យអចលនទ្រព្យ ។ មានការបារម្ភអំពីការថយមថយ នៃកំណើនសេដ្ឋកិច្ចកម្ពុជា ដែលពីមុនត្រូវប៉ាន់ស្មានថា នឹងអាចសម្រេចបានកំណើន ៦,៥% ប៉ុន្តែនឹងចុះមកនៅស្ថិតក្នុងរង្វង់ប្រមាណ ៦% នៅក្នុងឆ្នាំ២០២០ ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជួយវិស័យកាត់ដេរសម្លៀកបំពាក់ គឺ ពិនិត្យផ្តល់ជូនការលើកលែងពន្ធ អាចពី ៦ខែ ទៅ ១ឆ្នាំ សម្រាប់រោងចក្រសហគ្រាស ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរទៅតាមកម្រិតភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ជាក់ស្តែង ។ អនុញ្ញាតឲ្យរោងចក្រមិនបង់ប្រាក់វិភាគទាន ធានារ៉ាប់រងរបបហានិភ័យការងារ និងថែទាំសុខភាពក្នុងអំឡុងពេលរោងចក្រព្យួរអាជីវកម្ម ។ រោងចក្រសហគ្រាស ដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លី ដោយសារខ្វះវត្ថុធាតុដើម ត្រូវចេញប្រាក់ខែ ចំនួន ៤០% នៃប្រាក់ខែអប្បបរមារបស់កម្មករនិយោជិត (ដែលមានចំនួន ១៩០ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២០) ខណៈរាជរដ្ឋាភិបាលរួមចំណែក ២០% នៃប្រាក់ខែអប្បបរមាបន្ថែម (សរុប ៦០% នៃប្រាក់ខែអប្បបរមា) ពោល គឺកម្មករ និយោជិត ត្រូវទទួលបាន ១២០ដុល្លារ ក្នុងមួយខែ ។ ជាមួយគ្នានេះ ក៏មានការបណ្តុះបណ្តាលកម្មករនិយោជិតរយៈពេលខ្លី អំពីការងារជំនាញផងដែរ ។
វិស័យទេសចរណ៍ អាចនឹងប្រឈមខ្លាំង អាស្រ័យដោយមានការបិទព្រំដែន នៃបណ្តាប្រទេសមួយចំនួន ជាពិសេស ភ្ញៀវទេសចរណ៍ចិន អាចនឹងថយចុះច្រើន ។ រាជរដ្ឋាភិបាលក៏បានដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់លើវិស័យ ទេសចរណ៍ ដោយលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ របស់សណ្ឋាគារ និងផ្ទះសំណាក់ ក្នុងខេត្តសៀមរាបរយៈពេល ៤ខែ ដោយគិតចាប់ពីខែកុម្ភៈរហូតដល់ខែឧសភា ឆ្នាំ២០២០ ។ កាត់បន្ថយការធ្វើដំណើរចូលរួមក្នុងកិច្ចប្រជុំក្រៅប្រទេស ដោយគ្រប់ក្រសួង ស្ថាប័ន ជំនួសវិញដោយការជំរុញនូវការប្រជុំនានា ឲ្យធ្វើនៅតាមខេត្តសំខាន់ៗ ពិសេសខេត្តសៀមរាប ។ ត្រូវរៀបចំព្រឹត្តិការណ៍ទាក់ទាញ (សិល្បៈ កីឡា) នៅខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ។ រក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរនៅដដែល ប៉ុន្តែបន្ថែមចំនួនថ្ងៃទស្សនា ។ រាជរដ្ឋាភិបាលក៏បានដាក់ចេញវិធានការទ្រទ្រង់កំណើន ក្នុងទម្រង់ជាការលើកទឹកចិត្តដល់វិស័យដែលនៅមានសក្តានុពលសម្រាប់ការរីកចម្រើន ជាអាទិ៍ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការជំរុញសកម្មភាពអាជីវកម្មនៅក្នុងវិស័យផ្សេងទៀត ពិសេស វិស័យសំណង់ និងអចលនទ្រព្យ ។ រាជរដ្ឋាភិបាលមានគោលបំណងប្រែក្លាយសហគ្រាសធុនតូច និងមធ្យមឲ្យទៅជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច, ផ្តល់ការងារកាន់តែច្រើនដល់ពលករកម្ពុជា និងមានលទ្ធភាពផលិតនូវទំនិញកាន់តែច្រើនជំនួសឲ្យការនាំចូល ។
រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញវិធានការសំខាន់មួយទៀត គឺក្នុងឆ្នាំ២០២០នេះ ក្រសួង ស្ថាប័នទាំងអស់ត្រូវកាត់បន្ថយការចំណាយ ៥០ភាគរយ នៃការចំណាយសរុប លើកលែងតែក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម និងទីស្តីការគណៈរដ្ឋមន្ត្រី ដែលនឹងត្រូវកាត់បន្ថយការចំណាយចំនួន ២៥ភាគរយ ។ ការកាត់បន្ថយការចំណាយនៅតាមក្រសួងស្ថាប័នរដ្ឋនេះ ធ្វើឱ្យរដ្ឋអាចប្រមូលលុយបានប្រមាណ ៤០០លានដុល្លារ ត្រឡប់មកវិញ ។ ចំពោះការចំណាយដែលមិនចាំបាច់មួយចំនួនត្រូវបានកាត់បន្ថយ ដើម្បីជាការសន្សំសំចៃជួយដល់សេដ្ឋកិច្ចជាតិ ហើយត្រៀមថវិកា ដើម្បីជួយដល់វិស័យសុខាភិបាល និងវិស័យមួយចំនួនទៀតដែលជួបបញ្ហាបន្ទាន់វិញ ។ ប៉ុន្តែការចំណាយសម្រាប់ប្រាក់បៀវត្សសម្រាប់មន្ត្រីរាជការមិនត្រូវបានកាត់បន្ថយទេ ។ ចំពោះគម្រោងវិនិយោគរបស់រាជរដ្ឋាភិបាល ដែលមិនទាន់បើកការដ្ឋានត្រូវផ្អាកការបើកការដ្ឋានសិន រង់ចាំជម្ងឺ COVID-19 ត្រូវបានបញ្ចប់ លើកលែងតែការដ្ឋាន ដែលជាហិរញ្ញប្បទានដោយបរទេស ដែលមានថវិកាបដិភាគរបស់កម្ពុជា ។
ទាំងអស់នេះ គឺជាវិធានការអន្តរាគមន៍បន្ទាន់ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការរីករាលដាលនៃជម្ងឺ COVID-19 មកលើសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាជន ។ ព្រមគ្នានេះ ប្រជាជនយើងទូទាំងប្រទេសក៏សូមចូលរួមនាំគ្នាគិត នាំគ្នាសហការអនុវត្តឲ្យបានជោគជ័យនូវរាល់ផលវិបាកទាំងឡាយ ដែលជះឥទ្ធិពលពីជម្ងឺ COVID-19 ។ យើងខិតខំតាំងស្មារតីយកឈ្នះឲ្យបានលើរាល់បញ្ហាប្រឈមទាំងឡាយចំពោះមុខយើងនេះ ៕
ដោយ៖ លី ទួង