គោរពស្រលាញ់សម្តេចណាស់! ក្រុមទេសចរនៅលើនាវា Westerdam អរគុណធំៗសម្ដេចតេជោ ហ៊ុន សែន និងចាត់ទុកជា «នាយករដ្ឋមន្ដ្រីមានបេះដូងដ៏អស្ចារ្យ»

1358

(ព្រះសីហនុ)៖ ពាក្យពេចន៍ថ្លែងអំណរគុណយ៉ាងព្រោងព្រាត ត្រូវបានក្រុមអ្នកទេសចរនៅលើនាវា Westerdam បានបង្ហោះចេញក្រអៅបេះដូងរបស់ពួកគាត់ និងបានប្រាប់ទៅកាន់ទីភ្នាក់ងារ ព័ត៌មានបរទេសធំៗ លើកសរសើរយ៉ាងពន់ពេកចំពោះទឹកចិត្តដ៏មនុស្សធម៌មិនអាចរកបាន របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានសម្រេចអនុញ្ញាតឲ្យកប៉ាល់របស់ពួកគេ ដែលកំពុងតែលតោលនៅលើផ្ទៃសមុទ្របានចូលចត នៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមទេសចរខ្លះបានប្រើពាក្យ និងចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជា «នាយករដ្ឋមន្ដ្រីម្នាក់មានបេះដូងដ៏អស្ចារ្យ»។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានអាមេរិក AP អ្នកនាង Anna Marie Melone (មកពីអូស្ត្រាលី) បានថ្លែងយ៉ាងដូច្នេះថា «វាពិតជាអស្ចារ្យណាស់ ដែលបានមកដល់ទីនេះ។ សូមអរគុណ លោកនាយករដ្ឋមន្ត្រី។ លោកមានបេះដូងដ៏អស្ចារ្យ។ ខ្ញុំពិតជារំភើបខ្លាំងណាស់ (ពេលមកដល់កម្ពុជា)»

អ្នកនាង Melone ក៏លើកកូលាបគ្រវីឡើង បង្ហាញក្តីរីករាយក្រោយពីទទួលបានអំណោយនេះ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកដំណើរនានាបានអបអរសាទ នៅពេលពួកគេដើរឆ្ពោះ ទៅកាន់រថយន្តក្រុង និងបានបក់ដៃលាអ្នកដំណើរផ្សេងៗទៀត ដែលកំពុងឈរទស្សនា និងអបអរផងដែរពីលើកប៉ាល់។ នេះជាការចុះផ្សាយបន្ថែមពី AP។

ដោយឡែកភ្ញៀវទេសចរម្នាក់ទៀតគឺលោក Joe Spaziani មកពីអាមេរិក ក៏បានប្រើពាក្យថា «ប្រទេសរបស់អ្នកពិតជាធ្វើបានល្អណាស់… ជាកិច្ចការដ៏អស្ចារ្យមួយ។ សូមអរគុណអ្នកខ្លាំងណាស់។ យើងពេញចិត្តវាខ្លាំងបំផុត។ កម្ពុជាតែឯងប៉ុណ្ណោះ ដែលសូម្បីតែកោះ Guam របស់អាមេរិក ក៏មិនបានអនុញ្ញាឲ្យយើងចូលផង ប៉ុន្តែកម្ពុជាបានអនុញ្ញាត ដូច្នេះវាគឺរឿងអស្ចារ្យ។ ពិតជាអស្ចារ្យខ្លាំងបំផុត! យើងពិតជារីករាយហ្នឹងទង្វើនេះ ខ្លាំងៗបំផុត! យើងបានឆ្លងកាត់ការតស៊ូដ៏វែងឆ្ងាយ ហើយយើងពិតជាកោតសរសើរចំពោះអ្នករាល់គ្នា ដែលស្ថិតនៅទីនេះ»

លោក Spaziani វ័យ ៧៤ឆ្នាំបានថ្លែងបែបនេះ ទាំងមានក្រម៉ាប្រពៃណីខ្មែររុំនៅជាប់ក ជាមួយអ្នកដំណើរផ្សេងៗក៏ដូចគ្នា។

សម្រាប់អ្នកនាង Christina Kerby បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា «យើងកំពុងបង់កជាមួយក្រម៉ាប្រពៃណី ដែលជាអំណោយពីប្រទេសកម្ពុជា។ ខ្ញុំស្រក់ទឹកភ្នែក ព្រោះការបង្ហាញការគាំទ្រនៅពេលនេះ គឺច្រើនលើសលុប» ៕