ស្ដ្រីទេសចរម្នាក់នៅលើកប៉ាល់ Westerdam បង្ហោះសារបង្ហាញពីក្ដីរំភើបយ៉ាងពន់ពេក រហូតហូរទឹកភ្នែក ក្រោយកម្ពុជាឲ្យចូលចត

1237

(ព្រះសីហនុ)៖ ស្ដ្រីភ្ញៀវទេសចរម្នាក់ស្ថិតនៅលើកប៉ាល់ Westerdam បានបង្ហោះសារចេញពីបេះដូងរបស់គាត់ បង្ហាញនូវក្ដីរំភើបឥតឧបមារហូតសម្រក់ទឹកភ្នែក ក្រោយពីពួកគេបានដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យកប៉ាល់ដែលកំពុងផ្ទុកមនុស្សជាង ២ពាន់នាក់ចូលសំចតនៅកំពង់ផែអន្ដរជាតិ ខេត្តព្រះសីហនុ ក្រោយប្រទេស និងកោះចំនួន៦ បានបដិសេធរួចមកនោះ។

ស្ដ្រីជនជាតិបរទេសរូបនេះ ទំនងជាមន្ដ្រីបម្រើការងារផ្នែកទំនាក់ទំនងការថែទាំសុខភាពម្នាក់ នៅក្នុងប្រទេសរបស់ខ្លួន បានយកក្រម៉ាដែលផ្ដល់ជូនដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បង់ក និងថតស្វែលហ្វី បង្ហោះនៅលើបណ្ដាញសង្គម Twitter ដោយថ្លែងអំណរគុណយ៉ាងពន់ពេកចំពោះប្រទេសកម្ពុជា សម្រាប់ការជួយអន្ដរាគមន៍ឲ្យកប៉ាល់ទេសចរណ៍ Westerdam បានចូលចត ក្នុងដំណាក់កាលដែលពួកគេទាំងអស់កំពុងតែប្រឈមនឹងបញ្ហាដ៏លំបាកមួយនេះ។

ស្រ្តីទេសចរ Christina Kerby បានបង្ហោះសារយ៉ាងដូច្នេះថា «ពួកយើងកំពុងពាក់ក្រម៉ាប្រពៃណីដែលជាកាដូពីកម្ពុជា។ ខ្ញុំរំភើបឡើងចេញទឹកភ្នែក ព្រោះតែការគាំទ្រវាលើសលុបខ្លាំងពេក»។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរចាកចេញពីនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ ព្រមទាំងបានជូនផ្កាដល់អ្នកទេសចរផងដែរ។