ចំនួនជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនអាមេរិក-មិចស៊ីកូ ធ្លាក់ចុះរហូតដល់៧៤.៥% ដោយសារតែលោក ត្រាំ

213

មិចស៊ីកូ ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសមិចស៊ីកូលោក ម៉ាសេឡូ អេប្រាដ (Marcelo Ebrard) បានប្រាប់ឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ចំនួនជនអន្តោប្រវេសន៍ ដែលឆ្លងកាត់ព្រំដែនអាមេរិក-មិចស៊ីកូក្នុងរយៈពេល ០៩ខែកន្លងមកនេះ បានធ្លាក់ចុះរហូតដល់ ៧៤.៥% បន្ទាប់ពីមានកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍រវាងប្រទេសទាំងពីរ។

Image result for donald trump vs mexico

កាលពីខែមករា ដើមឆ្នាំ២០២០ ចំនួនជនអន្តោប្រវេសន៍ដែលឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ មានត្រឹមតែ ៣៦.៦៧៩នាក់ប៉ុណ្ណោះ ដែលនេះជាតួលេខដែលបានធ្លាក់ចុះទាបបំផុត បើប្រៀបធៀបនឹងចំនួនជនអន្តោប្រវេសន៍កាលពីខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដែលមានចំនួនរហូតដល់ ១៤៤,១១៦នាក់ ត្រូវបានកត់ត្រាដោយអាជ្ញាធរមិចស៊ីកូ។

គួរជម្រាបថា កាលពីខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដោយសារតែចំនួនជនអន្តោប្រវេសន៍ ដែលបានឆ្លងព្រំដែនបានឈានទៅដល់ចំនួនខ្ពស់បំផុត ពុំធ្លាប់មានពីមុនមកនោះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឱ្យឲ្យរដ្ឋាភិបាលមិចស៊ីកូ ចាត់វិធានការគ្រប់គ្រងឲ្យបានតឹងរ៉ឹងបំផុត ដើម្បីធានា និងពង្រឹងសន្តិសុខ នៅតាមព្រំដែនរបស់ខ្លួន ជាពិសេសជាមួយបណ្តាប្រទេសអាមេរិកកណ្តាល។

Image result for donald trump vs mexico

ជុំវិញបញ្ហានេះដែររដ្ឋមន្ត្រីការបរទេសមិចស៊ីកូបានថ្លែងយ៉ាងដូច្នេះថា «គោលដៅនៃវិធានការទាំងនេះ គឺដើម្បីកាត់បន្ថយហានិភ័យខ្ពស់ ដែលអាចនឹងប្រឈមចំពោះអ្នកដែលចង់ចំណាកស្រុក»។ លោកក៏បានបន្ថែមទៀតថា ដើម្បីធានាសន្តិសុខជូនប្រជាជន រដ្ឋាភិបាលមិចស៊ីកូបានដឹកនាំកម្មវិធីពហុជាតិ ដើម្បីជំរុញការវិនិយោគនៅតំបន់អាមេរិកកណ្តាល និងបានបង្កើតគណៈកម្មាធិការពិសេសមួយ ដើម្បីជួយជនចំណាកស្រុក ឱ្យមានការងារធ្វើបណ្តោះអាសន្ន។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រលកនៃជនអន្តោប្រវេសន៍អាមេរិកកណ្តាល ដែលរត់ភៀសខ្លួនចេញពីភាពក្រីក្រ និងឧក្រិដ្ឋកម្ម បានទៅដល់់ព្រំដែនភាគខាងត្បូងនៃប្រទេសមិចស៊ីកូទាំងក្រុមៗ ក្នុងគោលបំណងឆ្លងព្រំដែនទៅសហរដ្ឋអាមេរិក។ ខណៈរដ្ឋាភិបាលមិចស៊ីកូ បានចំណាយប្រាក់រហូតដល់ ២១លានដុល្លារអាមេរិក ដើម្បីជួសជុលជម្រកបណ្តោះអាសន្នចំនួន ១៥កន្លែង សម្រាប់ជនចំណាកស្រុកគ្មានឯកសារច្បាស់លាស់ ហើយពីរកន្លែងផ្សេងទៀត គឺនៅតាមព្រំដែនជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តល់សេវាកម្មមូលដ្ឋាន រួមមានការថែទាំសុខភាព និងការអប់រំជាដើម៕

Image result for donald trump vs mexico