អ្នកវិភាគសេដ្ឋកិច្ច៖ EU កាត់ EBA ២០% មិនធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ថមថយខ្លាំង ឬដួលរលំទេ

1047

ភ្នំពេញ ៖ លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ចកម្ពុជា បានលើកឡើងសហភាពអឺរ៉ុប  (EU) កាត់ប្រព័ន្ធ អនុគ្រោះពន្ធគ្រប់ប្រភេទលើកលែងតែអាវុធ (EBA)ចំនួន ២០% គឺមិនបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ថមថយខ្លាំង ឬក៏ដួលរលំឡើយ។ ការអះអាងរបស់លោកនេះ ដោយសារកម្ពុជាមានការជាក់ច្បាស់ថា បានរីកចម្រើនឡើងផុត ពីចំណោមប្រទេសដែល មានការអភិវឌ្ឍតិចតួច (Least Developed Countries-LDCs)។

លោក ច័ន្ទ សុផល តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានបង្ហាញថា បន្ទាប់ពីមានការកាត់ពន្ធឥឡូវ កម្ពុជាត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុប ចំនួន ២០% នៃ ទំនិញនាំចេញសរុបទៅសហគមន៍នោះ ដោយ ៨០% ទៀតនៅរួចពន្ធដដែល។

លោកថា “តាមការវាយតម្លៃជាបឋមរបស់ខ្ញុំ ពន្ធលើទំនិញ២០%នេះ មានកម្រិតប្រហែល ១០០លានដុល្លារ ក្នុង១ឆ្នាំ។ បរិមាណនេះ មិនច្រើនពេកទេ បើគិតក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។ វាត្រូវជា ១,១% នៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើងសរុប។ វាត្រូវជា ១,២% នៃចំណាយថវិកាជាតិ និងត្រូវជា ០,៣៥% នៃផលិតផលសរុបក្នុងស្រុក (GDP)។ វាមិនធ្វើឱ្យសេដ្ឋកិច្ចថមថយខ្លាំង ឬក៏ដួលរលំនោះទេ”។

លោកយល់ឃើញថា ជាឱកាសល្អសម្រាប់កម្ពុជា (ទាំងរដ្ឋាភិបាល ទាំងវិស័យឯកជន ទាំងកម្មករ) ដែលត្រូវរៀនរស់ដោយគ្មានភាពអនុគ្រោះពីគេ ជាបណ្តើរៗ ព្រោះ៥ឆ្នាំទៀត គេនឹងតម្រូវឲ្យបង់ពន្ធ ១០០% ហើយ ខណៈដែលកម្ពុជាជាក់ច្បាស់ថា បានរីកចម្រើនឡើងផុតពី ចំណោមប្រទេសដែល មានការអភិវឌ្ឍតិចតួច។

អ្នកវិភាគរូបនេះបន្តថា ភាពអនុគ្រោះពន្ធនេះ គេឲ្យសម្រាប់តែប្រទេស LDCs ដែលបច្ចុប្បន្ននេះ មានចំនួន៤៨ ក្នុងចំណោមជាង ២០០ប្រទេស ក្នុងពិភពលោកទាំងមូល។ ម្នាក់ៗតែងតែចង់ឲ្យប្រទេសខ្លួនឡើង ជាប្រទេសមានចំណូលមធ្យម និងចំណូលខ្ពស់។ ដូចនេះ ត្រូវតែខំប្រឹងប្រែងទាំងអស់គ្នាឡើង៕

Loading...
Loading...