សោកស្ដាយ! នារីស្រស់ស្អាត បើករថយន្តទំនើបក្នុងល្បឿនលឿន រេទៅបុក របាំងថ្ម ក្រឡាប់ផ្ងាជើង នៅគល់ស្ពានស្ទឹងមានជ័យ ស្លាប់ភ្លាមនៅកន្លែងកើតហេតុ !

1150

(ភ្នំពេញ) ៖ នារីរូបស្រស់ម្នាក់ បើករថយន្ត Mazda2 ក្នុងល្បឿនលឿន បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងាជើង រងរបួសធ្ងន់ ឈាមជោកខ្លួន ត្រូវបានប្រជាពលរដ្ឋជួយយកចេញមកក្រៅ សង្គ្រោះបឋម ហើយហៅឡានពេទ្យ តែអកុសល ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ក៏បានស្លាប់បាត់ទៅហើយ ទោះជាក្រុមគ្រូរពេទ្យ ព្យាយាម សង្គ្រោះអស់ពីលទ្ធភាពក៏ដោយ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល នៅចំណុចគល់ស្ពានស្ទឹងមានជ័យ លើកំណាត់ផ្លូវមុនីរ៉េត(ផ្លូវ២១៧) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅម៉ោងជាង២ទាបភ្លឺ ឈានចូលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

នារីរងគ្រោះ មានឈ្មោះ ហុង វ៉ានដូ អាយុ២៥ឆ្នាំ មុខរបររៀនខាងសម្អាង នៅម្តុំផ្សារថ្មី រស់នៅក្នុងបុរីពិភពថ្មី ចំការដូងផ្ទះលេខ២៦៣ ផ្លូវលេខ១៣ ជិះរថយន្តម៉ាក ម៉ាស្តារ (Mazda-2) ពណ៌ស ពាកស្លាកលេខភ្នំពេញ 2AQ-6626 បើកតែម្នាក់ឯងបានបាត់ជីវិត ។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះ បើករថយន្តតាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ ចំណុចកើតហេតុ បានរ៉េចង្កូតមកខាងឆ្វេងដៃ ទៅបុកក្បាលថ្ម ពុះចែកទ្រូងផ្លូវ ពេញទំហឹងរថយន្តក្រឡាប់ផ្ងារជើង បណ្ដាលឲ្យម្ចាស់រថយន្ត រងរបួសធ្ងន់ ក៏ត្រូវរថយន្តគ្លីនិចឯកជនសួគ៌ា ដឹកទៅសង្គ្រោះ តែជាអកុសលរបួសធ្ងន់ធ្ងរពេក ក៏បានផុតដង្ហើម ក្នុងមន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានប្រគល់ឲ្យជំនាញ ចុះមកស្ទូចយករថយន្ត ទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រោយនៅពេលក្រោយ ចំណែកសពនារីរងគ្រោះ ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Loading...