ខ្លាចវីរុសកូរ៉ូណាខ្លំាងពេក ថៃបដិសេធ នាវាកម្សាន្ដមួយមានផ្ទុកអ្នកដំណើរជិត ១,៥០០នាក់ មិនអោយចុះចតក្នុងប្រទេសខ្លួន

211

(អន្តរជាតិ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលោក Anutin Charnvirakul បាននិយាយនៅថ្ងៃអង្គារថា ប្រទេសថៃនឹងមិនអនុញ្ញាតឱ្យនាវាទេសចរណ៍ ដែលគ្រោងចតក្នុងប្រទេសជប៉ុន ចុះចតនៅកំពង់ផែ Laem Chabang ទេ។

លោក Anutin បានបង្ហោះសារតាមហ្វេសប៊ុកខ្លីមួយដោយនិយាយថា លោកបានផ្តាំផ្ញើដល់អាជ្ញាធរកុំឱ្យអនុញ្ញាតឱ្យនាវាឈ្មោះថា Westerdam ចូលចតនៅប្រទេសថៃដាច់ខាត។ សារនេះត្រូវបានផ្សព្វផ្សាយភ្លាម បន្ទាប់ពីប្រតិបត្តិករនាវាបានប្រកាសកាលពីថ្ងៃច័ន្ទថា នាវានឹងអនុញ្ញាតឱ្យអ្នកដំណើរចុះចតខេត្ត Chon Buri ថ្ងៃព្រហស្បតិ៍។ ពោលគឺក្រោយពេលត្រូវកោះតៃវ៉ាន់ ហ្វីលីពីន កូរ៉េខាងត្បូង កោះហ្គាំ និងចុងក្រោយគឺជប៉ុនមិនឱ្យចុះចត។

នាវា Westerdam ដឹកអ្នកដំណើរ ១,៤៥៥នាក់ ក្នុងនោះមានជនជាតិជប៉ុន ៤នាក់ និងសមាជិកនាវិក ៨០២នាក់ បានគ្រោងចូលកំពង់ផែ Naha ក្នុងខេត្តអូគីណាវ៉ាកាលពីថ្ងៃសៅរ៍ ប៉ុន្តែខាងជប៉ុនមិនទទួលនោះទេ។ រដ្ឋាភិបាលជប៉ុនបានបដិសេធការចុះចតរបស់ Westerdam បន្ទាប់ពីអ្នកដំណើរម្នាក់ ត្រូវបានគេសង្ស័យថាបានឆ្លងវីរុសនេះកូរ៉ូណា។ ជាក់ស្ដែងជប៉ុនផ្ទាល់ក៏កំពុងប្រឈមនឹងនាវាទេសចរណ៍ឈ្មោះថា Diamond Princess ផងដែរ ដែលសព្វថ្ងៃនាវាយក្សនោះត្រូវទទួលបានការពិនិត្យ និងតាមដានជំងឺដោយជប៉ុន ហើយមនុស្សចំនួន ៣,៧០០នាក់ នៅលើនាវានោះមិនត្រូវបានគេអនុញ្ញាតឱ្យចុះចេញបីនាវានោះទេ។ នាវា Diamond Princess ក៏មានករណីវីរុសកូរ៉ូណាបានបញ្ជាក់ ១៣០ និងជាច្រើនរយនាក់កំពុងមានរោគសញ្ញាសង្ស័យ៕