លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន ០២ខ្នងជាបន្តទៀតជូនដល់ទុរគតជន និងជនចាស់ជរាគ្មានទីពឹង នៅខេត្តព្រៃវែង…

1033

ព្រៃវែង ៖ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ និងសប្បុរសជន អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន ០២ខ្នងជាបន្តទៀតជូនដល់ទុរគតជន និងជនចាស់ជរាគ្មានទីពឹង នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ។

-ផ្ទះលេខ២៧១ ប្រគល់ជូនលោកយាយ ភិន នាង អាយុ៧៥ឆ្នាំ រស់នៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាអំណោយរបស់លោកឧកញ៉ា តេង ឡាយ និងលោកជំទាវ នាង ខេង។

-ផ្ទះលេខ២៧២ ប្រគល់ជូនអ្នកមីង លឹម ពា អាយុ៦៤ឆ្នាំ រស់នៅភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាអំណោយរបស់អ្នកស្រី សុីវ ដានី និងគ្រួសារ។

ក្នុងឱកាសនោះលោកយាយ និងអ្នកមីងដែលទទួលបានអំណោយផ្ទះខាងលើ ក៏បានទទួលអំណោយបន្ថែមពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។

អំណោយរួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។

ទន្ទឹមនឹងកម្មវិធីសប្បាយរីករាយនេះ លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមការងារ ក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្សដែលបានចូលរួមអបអរសាទរក្នុងពិធីប្រគល់ផ្ទះទេវតាខាងលើនេះ។

អំណោយរួមមានសម្ភារសិក្សា, នំកញ្ចប់, សំលៀកបំពាក់ រទេះរុញសម្រាប់ជនពិការចំនួន ០៤គ្រឿង និងថវិកាមួយចំនួន។