​ទីបំផុត!! លោក ដូណាល់ ត្រាំ​ ​មិនប្រើកម្លាំងយោធា​​ឆ្លើយតបក្រោយ​អ៊ីរ៉ង់បាញ់មីស៊ីលលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់​នោះទេ គឺ​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​

117

បរទេស៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នាថ្ងៃសុក្រសប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីបន្ថែមទៀតទៅលើអ៊ីរ៉ង់ ​ ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលស្រោចលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ជាការសង សឹកចំពោះការធ្វើឃាតមេទ័ពកំពូលរបស់ខ្លួន គឺលោក Qassem Soleimani ដោយយន្តហោះគ្មានមនុស្សបើកអាមេរិក នៅក្នុងទឹកដីអ៊ីរ៉ាក់។ នេះបើយោងតាមការចេញផ្សាយ​ពីសារព័ត៌មាន USA Today ​​ដកស្រង់ចេញផ្សាយដោយ​សារព័ត៌មាន ចិន ស៊ីនហួ នៅព្រឹកថ្ងៃ​ទី១១ ខែមករា ឆ្នាំ២០២០។

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក ស្ទេវិន មនូចិន(Steven Mnuchin) បានថ្លែងប្រាប់សារ​ព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន​មួយនៅសេតវិមាន​ថា ​ទណ្ឌកម្មថ្មី​ត្រូវបានរៀបចំឡើងជាពិសេស ដើម្បីបញ្ឈប់សកម្មភាពភេរវកម្មនៃរបបដឹកនាំអ៊ីរ៉ង់ នៅទូទាំងសកលលោក ដែលវានឹងប៉ះពាល់ទៅលើវិស័យសំណង់ វិស័យផលិត វិស័យវាយនភណ្ឌ វិស័យរ៉ែ និងវិស័យដែក-ដែកថែប ជាដើមរបស់ប្រទេសអ៊ីរ៉ង់។ ក្រៅពីនេះ ក៏មានការដាក់ទណ្ឌកម្មទៅលើមន្រ្តី ជាន់ខ្ពស់អ៊ីរ៉ង់ចំនួន​៨រូបផងដែរ ដែលមានចំណែកចូលរួមពាក់ព័ន្ធ ក្នុងការបាញ់មីស៊ីលស្រោចលើមូលដ្ឋានទ័ពនៅអ៊ីរ៉ាក់ ដែលកងទ័ពអាមេរិកឈរជើង។

គួរជម្រាបថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅឯសេតវិមានថា៖«វិធានការដាក់ទណ្ឌកម្មសំដៅលើការបដិសេធប្រាក់ចំណូលរបស់អ៊ីរ៉ង់ ដែលអាចត្រូវបានប្រើដើម្បីផ្តល់មូលនិធិនិងគាំទ្រកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ការអភិវឌ្ឍមីស៊ីលភេរវកម្មនិងបណ្តាញប្រូកស៊ីភេរវកម្មនិងឥទ្ធិពលក្នុងតំបន់ដែលមិនត្រឹមត្រូវ»។​​

មន្ទីរបញ្ចកោណបានបញ្ជាក់ថា អ៊ីរ៉ង់បានបាញ់មីស៊ីល​១៦​គ្រាប់មកលើ​មូលដ្ឋានទ័ពអាមេរិកចំនួន​២កន្លែង នៅ​អ៊ីរ៉ាក់កាលពីដើមសប្តាហ៍នេះ។ ក្នុងនោះឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់​(IRGC) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារមីស៊ីលនេះ ដោយនិយាយថាពួកគេមានគោលបំណងដើម្បីសងសឹកការសម្លាប់របស់អាមេរិកទៅលើលោក កាស្សឺម សូឡៃម៉ានី (Qassem Soleimani​)​តែប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ លោក Trump បានថ្លែង​កាលពីថ្ងៃពុធនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិថា៖«​សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតលើរបបដឹកនាំអ៊ីរ៉ង់ភ្លាមៗ។ ទណ្ឌកម្មដ៏មានឥទ្ធិពលទាំងនេះនឹងនៅតែមានរហូតដល់អ៊ីរ៉ង់ផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួន»។

​គួរបញ្ជាក់ថា កម្តៅនៃភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានកើនឡើងដល់កម្រិតក្តៅគគុកតែម្តង បន្ទាប់ពី​លោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យសម្លាប់លោក Soleimani ដែលជាមេដឹកនាំកងអង្គភាពពិសេសនៃយោធាអ៊ីរ៉ង់ នៅឯ ប្រទេសអ៊ីរ៉ាក់។ ទង្វើនេះបានបង្ខំឲ្យអ៊ីរ៉ង់ចាត់វិធានការសងសឹកទៅវិញ តាមរយៈការបាញ់មីស៊ីលជាច្រើនគ្រាប់ ទៅលើមូលដ្ឋាន យោធានៅអ៊ីរ៉ាក់ ដែលជាកន្លែងឈរជើងរបស់កងទ័ពអាមេរិក។

ប៉ុន្តែដោយសារតែការបាញ់មីស៊ីលនោះ ពុំបានបង្កឲ្យមានកងទ័ព អាមេរិក ឬនរណាម្នាក់បាត់បង់ជីវិតនោះឡើយ ហើយលោក ត្រាំ បានប្រកាសថា លោកនឹងឆ្លើយតបទៅវិញ ត្រឹមតែការដាក់ទណ្ឌកម្មបន្ថែមប៉ុណ្ណោះទៅលើប្រទេសអ៊ីរ៉ង់៕

Loading...