គ្រូបង្វឹកក្រុមជម្រើសជាតិ U22 កម្ពុជា បើគ្មានការរកបានគ្រាប់បាល់ហ្វ្រីឃីតដ៏អស្ចារ្យ ក៏គ្មានការទាត់បាល់ប៉េណាល់ទីដែរ !

436

(ភ្នំពេញ)៖ បន្ទាប់ពីប្រកួតចប់ដោយក្រុមជម្រើសជាតិ U22 កម្ពុជា បានចាញ់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ៤-៥ បន្ទាប់ពីប្រកួត ៩០នាទីស្មើគ្នា ២-២ កាលពីល្ងាចមិញ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិ U22 កម្ពុជា បានថ្លែងលើកទឹកចិត្តកីឡាករ កែវ សុខផេង ដោយនិយាយថា គ្មានគ្រាប់ហ្វ្រីឃីតដ៏អស្ចារ្យ ក៏គ្មានការទាត់បាល់ប៉េណាល់ទីដែរ។

លោក Felix បាននិយាយថា « បើយើងទាត់ហ្វ្រីឃីតដ៏ល្អ និងអស្ចារ្យចូលទី យើងក៏អត់អាចបានទាត់ប៉េណាល់ទីដែរ។ បើសិនយើងអត់អាចទាត់ចូល ៣គ្រាប់ពេលលេងក្នុងពូល ប្រហែលក៏យើងគ្មានវាសនាដល់វគ្គនេះដែរ។ គ្រប់គ្នាទាំងអស់ សុទ្ធតែអាចទាត់ប៉េណាល់ទីអត់ចូល គ្រាន់តែយើងរៀនសូត្រពីវា រៀនឲ្យច្បាស់ហើយ យើងនឹងធ្វើបានល្អប្រសើរជាងនេះ ហើយបន្ដទៅមុខទៀត»។

លោកថា «និយាយពិត និងស្មោះត្រង់ទៅ ខ្ញុំពិតជាមានមោទនភាពមែនទែន ដែលបានធ្វើគ្រូពួកយើង។ ក្នុងពានរង្វាន់នេះ គេដឹងពីរបៀបនៃការលេងរបស់យើង គេដឹងនូវអ្វីដែលយើងចង់លេង។ មានគេសួរតើឆ្នាំក្រោយ កម្ពុជាអាចប្រកួតប្រជែងលើក្រុមខ្លាំងៗទៀតបានអត់? វាអាស្រ័យលើពួកយើង តើពួកយើងអាចធ្វើបានអត់? បើសិនពួកយើងធ្វើការងារខ្លាំង ប្រាកដណាស់ថា ពួកយើងអាចប្រកួតប្រជែងបានខ្លាំងជាងនេះទៀត»៕