ប៉ូលិសអាមេរិក និងក្រុមចោរបាញ់ប្រហារគ្នាយ៉ាងកក្រើក នាំឲ្យ៤នាក់បាត់បង់ជីវិត នៅក្នុងរដ្ឋផ្លូរីដា

1213

(អន្តរជាតិ)៖ ព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩ មនុស្សសរុប 0៤នាក់បានបាត់បង់ជីវិតក្នុងករណីបាញ់ប្រហារដាក់គ្នា រវាងក្រុមចោរប្លន់ប្រដាប់អាវុធ និងប៉ូលិសអាមេរិកនៅរដ្ឋផ្លូរីដា។

ក្រុមចោរប្លន់ដែលមានគ្នា ០២នាក់ត្រូវបានបាញ់សម្លាប់ រីឯជនរងគ្រោះម្នាក់ពីរនាក់ទៀត មានម្នាក់ជាអ្នកបើករថយន្តរបស់ ក្រុមហ៊ុនដឹកជញ្ជូនអាមេរិក UPS និងម្នាក់ទៀតជាជនស៊ីវិល។

ហេតុការណ៍ខាងលើបានចាប់ផ្តើមមានការកក្រើកខ្លាំង បន្ទាប់ពីចោរប្លន់ប្រដាប់អាវុធទាំងពីរនាក់ បានរត់គេចខ្លួន ពីហាងលក់គ្រឿងអលង្ការមួយកន្លែងនៅទីក្រុង ខូរ៉ាល់ ហ្គាប៊លស៍ (Coral Gables) នៃរដ្ឋផ្លូរីដា ហើយប្លន់យករថយន្ត UPS នោះរួមទាំងអ្នកបើកបរម្នាក់។

គួរជម្រាបថា ក្រោយមកបន្ទាប់ពីការជិះប្រដេញតាមដោយរថយន្តប៉ូលិសជាច្រើនគ្រឿង រថយន្ត UPS ដែលពួកចោរទាំងពីរនាក់ប្លន់ទៅ ត្រូវជាប់គាំងទៅណាលែងកើតដោយសារស្ទះភ្លើងស្តុប។ ភ្លាមៗកម្លាំងប៉ូលិសអាមេរិក ក៏បានឡោមព័ទ្ធរថយន្តរបស់ក្រុមចោរ ហើយការបាញ់ប្រហារគ្នាក៏បានផ្ទុះឡើង។

ជាលទ្ធផលចោរទាំងពីរនាក់បានស្លាប់ រួមជាមួយអ្នកបើករថយន្ត UPS និងជនស៊ីវិលម្នាក់ ដែលស្ថិតក្នុងរថយន្តនៅក្បែរនោះ៕