គួរកោតសរសើរ ! យុវជនខ្មែរ ផលិតបានប្រេងកូឡា ដែលជាស្នាដៃកូនខ្មែរ ត្រៀមវាយលុកទីផ្សារនៅពេលខាងមុខ!

915

(ភ្នំពេញ)៖ លោក ស្រេង ឈាងឡេង អ្នកឯកទេសមួយរូបក្នុងចំណោមអ្នកស្រាវជ្រាវ៣រូប បាននិយាយថា លោក និងមិត្តរួមជំនាន់សម្រេចស្រាវជ្រាវបង្កើតជាឱសថ ហើយស្រាវជ្រាវឃើញរូបមន្តក្នុងការបង្កើតផលិតផលក្នុងស្រុកជាច្រើនមុខ តែអ្វីដែលក្រុមរបស់លោកបានសម្រេចជ្រើសយកមុនគេ គឺការផលិតជាប្រេងកូឡា។

លោក បានបញ្ជាក់ថា ដោយសារតែផលិតផលនេះ ធៀបនឹងការផលិតឱសថផ្សេងៗចំណាយដើមទុនតិចជាងគេ ហើយសង្ឃឹមថា បើជោគជ័យងាយរកទីផ្សារ។ ក្រុមទាំងមូលតស៊ូលើជំនាញមួយនេះ ពិបាកច្រើនដំណាក់កាល ជាពិសេសបញ្ហាកង្វះដើមទុន ដោយរយៈពេល៣ឆ្នាំកន្លងមកនេះ ក្រុមទាំងមូលចំណាយរួមគ្នាមិនក្រោម១០ម៉ឺនដុល្លារទេ។

លោក ស្រេង ឈាងឡេង បន្តថា ក្រុមរបស់លោក បានត្រៀមសុំច្បាប់រត់ការដើម្បីចរាចរណ៍ផលិតផលមួយនេះ នៅលើទីផ្សាររួចហើយ ដោយក្រោយក្រសួងអនុញ្ញាតិច្បាប់ ប្រសិនបើមានការគាំទ្រខ្លាំង គឺស្វែងរកដៃគូបង្កើតជារោងចក្រ ដែលតាមការប៉ាន់ស្មាន គឺប្រើដើមទុនជាង១លានដុល្លារ គឺគ្រប់គ្រាន់។

ក្នុងពេលខាងមុខលោករំពឹងថា នឹងមានកូនខ្មែរច្រើនឡើង ងាកមកផលិតឱសថ ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូល ក៏ដូចជាដើម្បីឲ្យក្នុងប្រទេសកម្ពុជាទាំងមូល មានផលិតផលប្រេងកូឡា ដែលមានស្ដង់ដារជារបស់ខ្លួន៕ សម្រួល៖ យុទ្ធ