ចាក់ធុងបាស់ និងច្រៀងរំខានដល់ពលរដ្ឋជិតខាង ត្រូវសមត្ថកិច្ចចាប់ខ្លួនយកទៅអប់រំ

1571

(ភ្នំពេញ) ៖ មនុស្សប្រុសស្រី២នាក់ ផឹកស៊ីស្រវឹងចាក់ធុងបាស់ និងច្រៀងរំខានដល់គេឯង ត្រូវប្រជាពលរដ្ឋរស់នៅជិតខាងប្តឹងទៅសមត្ថកិច្ចចុះមកឃាត់ខ្លួនយកធ្វើគិច្ចសន្យា រួចអប់រំឲ្យត្រលប់ទៅផ្ទះវិញ ។

ករណីឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់នេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយវិទ្យាល័យបុរី១០០ខ្នង តាមផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ដំបូងឡើយគឺមនុស្សប្រុសស្រី២នាក់ខាងលើនេះ បាននាំគ្នាផឹកស៊ីស្រវឹង និងចាក់ធុងបាស់ រួចច្រៀងខ្លាំងបង្កការសម្រាករបស់ប្រជាពលរដ្ឋជិតខាង ពេលនោះអ្នកជិតខាងទ្រាំមិនបានក៏ប្តឹងមកសមត្ថកិច្ចមូលដ្ឋាន ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លា ចុះទៅដល់កន្លែងកើតហេតុហើយបាននាំខ្លួនពួកគេទាំង២នាក់នោះ យកមកប៉ុស្តិ៍សាកសួរតែម្តង ។

សមត្ថកិច្ចបានបញ្ជូនជនបង្កមកអធិការដ្ឋានដើម្បីធ្វើកិច្ចសន្យា និងអប់រំមិនឲ្យមានលើក្រោយទៀតទេ ៕

Loading...