ខូចណាស់! សួររកទិញទូរស័ព្ទថ្មី លុះម្ចាស់អោយមើល លួចយកដាក់កាបូបជិះរត់!​

1139

(ភ្នំពេញ)៖ ម្ចាស់ហាងលក់ទូរស័ព្ទម្នាក់ ស្រែកឆោឡោដេញតាមចាប់ស្រ្តីជាជនសង្ស័យម្នាក់ឲ្យសមត្ថកិច្ច បន្ទាប់ពីរូបគេបានជិះម៉ូតូធ្វើជារកទិញទូរស័ព្ទ ដល់ពេលម្ចាស់ហាងយកទូរស័ព្ទឲ្យមើលស្រាប់តែរត់ឡើងម៉ូតូបំណងគេចខ្លួនតែម្តង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុច កន្លែង លក់ ទូរស័ព្ទ ភូមិ ត្រពាំង ជ្រៃ សង្កាត់ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ មានឈ្មោះ ទុំ រាទី ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរ លក់ទូរស័ព្ទ ស្នាក់នៅបន្ទប់ជួល ភូមិ ត្រពាំង ជ្រៃ សង្កាត់ កាកាបទី២ ខណ្ឌ ពោធិ៍សែនជ័យ ។ ចំណែកជនសង្ស័យ ឈ្មោះ នី រីណា ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរ មិនពិត ស្នាក់នៅ បន្ទប់ ជួល ភូមិ ប៉ប្រកខាងជើង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមប្រភពពីម្ចាស់ហាងបានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់បានអង្គុយលក់ទូរស័ព្ទស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូធូដេពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ1CW 5837 មកធ្វើជារកទិញទូរស័ព្ទនិងសុំមើល ពេលនោះរូបគាត់ក៏យកទូរស័ព្ទមួយគ្រឿងម៉ាក អាយហ្វូនសិច ពណ៌ ទឹកមាស លាយស ឲ្យភ្លាមនោះស្រាប់តែជនសង្ស័យដាក់ទូរស័ព្ទចូលក្នុងការបូបស្ពាយរួចរត់ឡើងជិះម៉ូតូចេញទៅតែត្រូវរូបគាត់ដេញចាប់បានភ្លាមៗរួចរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យ បានប្រគល់ឲ្យផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនិតិវិធី ៕