ខឹងកូនស្តីបន្ទោសរឿងដើរផឹកស៊ី ម្តាយចាស់ជរាតូចចិត្តមកលោតទឹកលើស្ពានជ្រោយចង្វាចាស់

950

(ភ្នំពេញ) ៖ កាលពីម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តី្រវ័យចំណាស់ម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់លើស្ពានជ្រោយចង្វាចាស់ តែត្រូវបានប្រជាពលរដ្ឋជួយទាន់ មូលហេតុដោយសារកូនស្តីបន្ទោសឲ្យរឿងដើរផឹកស្រា ស្ថិតនៅចំណុចលើស្ពានជ្រោយប៉ែកខាងកើត ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីវ័យចំណាស់ម្នាក់នេះ ឈរនៅលើស្ពានជ្រោយចង្វា ហើយបានស្រែកយំរាប់រៀប នៅក្នុងចិត្តដោយមិនថារូបគាត់មានវិបត្តិអ្វីនោះទេ ។

ប្រភពបន្តទៀតថា ភ្លាមនោះស្ត្រីរូបនេះ ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេចដោយសារ តែប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមដងផ្លូវឃើញទាន់ ក៏បានចូលជួយចាប់ទាន់ពេលវេលា ។
ក្រោយមកប្រជាពលរដ្ឋបានសួរនាំទើបស្ត្រីរូបនោះបានប្រាប់ថា គាត់ចង់លោតទឹកសម្លាប់ខ្លួន ដោយសារតូចចិត្ត និងកូនស្តីបន្ទោសឲ្យរឿងដើរផឹកស្រា ។

បន្ទាប់ពីកើតហេតុប្រជាពលរដ្ឋបាននាំស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួនចុះមកក្រោមរួចសួរនាំបន្តទៀត ក្រោយពីសួរនាំរួចហើយស្ត្រីវ័យចំណាស់នោះ បានបន្តដំណើរទៅមុខទៀតបាត់ដោយមិនដឹងថា ទៅខាងណានោះទេ ៕