សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកយាមទីស្នាក់ការអតីតគណបក្សសង្រ្គោះជាតិ ចំនួន ១០នាក់ យកទៅសាកសួរ

531

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំសម្របសម្រួលដោយលោក សុក កែវបណ្ឌិត​ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃម្សិលមិញ បានចុះ​ទៅ​ឆែកឆេរ និងឃាត់ខ្លួនមនុស្ស ១០នាក់ ដែលជាអ្នកប្រចាំការយាម នៅទីតាំងទីស្នាក់ការ​អតីតគណបក្សសង្រ្គោះជាតិ ស្ថិតនៅចំណុចផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែក​តាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ក្រុមជនសង្ស័យទាំង ១០នាក់រួមមាន៖
-ឈ្មោះ ទឹម សៀវ រស់នៅភូមិកោះធំ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល
-ឈ្មោះ ទឹម សុម៉េត
-ឈ្មោះ ថន ប៊ុនធឿន រស់នៅ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ពោធិសែនជ័យ
-ឈ្មោះ អ៊ុក ចន្តា ប្រចាំការនៅផ្ទះ សម រង្ស៉ី
-ឈ្មោះ ស្រង់ ឡាយ រស់នៅ អូបែកក្អម សង្កាត់ អូបែកក្អម ខណ្ឌ សែនសុខ
-ឈ្មោះ លោក ជួន សុផល រស់នៅផ្ទះលេខ៤អា ផ្លូវលេខ៣៦៦ ភូមិ៤ សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌចំការមន
-ឈ្មោះ ហុក សំអាង រស់នៅភូមិបោះពួយ ឃុំឬស្សី ស្រុក លិច កំពុងត្រាច ខេត្តកំពត
-ឈ្មោះ ណុក អូន រស់នៅផ្ទះលេខ១ ភូមិ២៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
-ឈ្មោះ ស៉ី តារា រស់នៅភូមិទំនប់ ស្រុកបាទី ខេត្តតាកែវ
-ឈ្មោះ សូ តារា មានលំនៅដ្ឋានជាអ្នកយាមផ្ទះ ទណ្ឌិត សម រង្ស៉ី។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួន រួមមាន៖ ទូរស័ព្ទដៃចំនួន ១៨គ្រឿង, វិទ្យុទាក់ទងចំនួន ៣គ្រឿង និងម៉ាស៊ីនកុំព្យូទ័រ​ចំនួន ១០គ្រឿង។

បច្ចុប្បន្ន ក្រុមជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាន​រាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕