ភ្លើងឆេះភាគច្រើនដែលកំពុងវាយប្រហាររដ្ឋកាលីហ្វរញ៉ា ត្រូវទប់ស្កាត់ការរីករាលដាលបានខ្លះៗ

411

(អាមេរិក)៖ អាជ្ញាធរការពារភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វរញ៉ាបានឲ្យដឹងថា ភ្លើងឆេះព្រៃភាគច្រើនដែលបានបង្ខំឲ្យប្រជាជនអាមេរិក​រាប់ពាន់នាក់ជម្លៀសខ្លួន កំឡុងប៉ុន្មានសប្តាហ៍កន្លងទៅនេះ​ ត្រូវក្រុមភ្នាក់ងារពន្លត់អគ្គីភ័យទប់ស្កាត់ការរីករាលដាលបានចន្លោះពី​៧០ភាគរយទៅ៩៦ភាគរយហើយ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

គិតត្រឹមចុងសប្តាហ៍នេះ ភ្លើងឆេះព្រៃឈ្មោះ Kincade នៅតំបន់ Sonoma ដែលជាភ្លើងឆេះព្រៃធំបំផុត ក្នុងចំណោមភ្លើងឆេះព្រៃ​មួយចំនួន ដែលកំពុងមានសកម្មភាពនៅរដ្ឋកាលីហ្វរញ៉ា ត្រូវបានទប់ស្កាត់ការរីករាលដាលបាន៧២ភាគរយ ខណៈភ្លើងឆេះព្រៃ 46th Street នៅតំបន់ Riverside ត្រូវទប់ស្កាត់បាន៨៥ភាគរយ។ ចំណែកឯ ភ្លើងឆេះព្រៃ West Easy Street នៅតំបន់ Ventura ត្រូវទប់ស្កាត់​ការរីករាលដាលបាន៩៥ភាគរយ ស្របពេលដែលភ្លើងឆេះព្រៃ Burris នៅតំបន់ Mendocino ត្រូវទប់ស្កាត់បានខ្ទង់​៩៦ភាគរយ និងភ្លើងឆេះព្រៃ Hill នៅតំបន់ Riverside ត្រូវបានទប់ស្កាត់បាន៩៥ភាគរយ។

ភ្លើងឆេះព្រៃតែមួយគត់នៅមានការរីករាលខ្លាំងគឺភ្លើងឆេះព្រៃឈ្មោះ Maria ដែលបានកើតឡើងកាលពីចុងសប្តាហ៍មុន នៅក្បែរ​​ទីក្រុង Ventura និង Oxnard ដែលកៀកនឹងទីក្រុង Los Angeles។ គិតត្រឹមចុងសប្តាហ៍នេះ វាត្រូវក្រុមភ្នាក់ងារពន្លត់អគ្គីភ័យទប់​ស្កាត់ការរីករាលដាលបានត្រឹម២០ភាគរយប៉ុណ្ណោះ៕