វីរបុរសកម្ពុជាដែលចូលរួមចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស និងខ្លឹមសារនៃសន្ធិសញ្ញាសន្តិភាព!

1647

(ភ្នំពេញ)៖ ថ្ងៃពុធ​ ២៣​ តុលា​ ឆ្នាំ២០១៩​ គឺជា​ថ្ងៃ​គម្រប់​ខួប២៨ឆ្នាំ​ នៃ​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​ ដែល​ចុះ​កាលពី​ថ្ងៃទី២៣​ តុលា​ ១៩៩១​ ដើម្បី​បញ្ចប់​សង្រ្គាម​ស៊ីវិល​ខ្មែរ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ យើង​ចង់​រំ​លឹ​កត្រួស​ៗឡើងវិញ​ នូវ​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​នេះ​។

*តើ​អ្នកណា​ខ្លះ​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​?

ហត្ថលេខី​ នៃ​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​ មាន​ ១៨ប្រទេស​ បូក​នឹង​កម្ពុជា​។ ក៏ប៉ុន្តែ​ នៅពេល​នោះ​ កម្ពុជា​ត្រូវ​បែងចែក​ជា​ ៤ភាគី​ គឺ​ រដ្ឋកម្ពុជា​ ហ្វ៊ុ​នស៊ិន​ប៉ិច​ រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ របស់​លោកតា​ សឺន​ សាន​ និង​ខ្មែរក្រហម​ ដែល​រួមបញ្ចូល​គ្នា​ បង្កើត​ជា​ “ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​”។

ប្រទេស​ជា​ហត្ថលេខី​ ១៨​ ផ្សេងទៀត​ រួមមាន​មាន​ សមាជិក​អចិន្រ្តៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ (អ.ស.ប.) ដែល​មាន៥ប្រទេស​៖ សហរដ្ឋ​អាមេរិក​ អង់គ្លេស​ បារាំង​ (សហប្រធាន​សន្និសីទ​) ចិន​ និង​សហភាពសូវៀត​។ ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ ដែល​មាន៨ប្រទេស​ ឥណ្ឌូណេស៊ី​ (សហប្រធាន​សន្និសីទ​) វៀតណាម​ ឡាវ​ ថៃ​ សិង្ហបុរី​ ម៉ាឡេស៊ី​ ហ្វីលីពីន​ និង​ប៊្រុយ​ណេ​ ពោល​គឺ​ប្រទេស​ក្នុង​អាស៊ាន​បច្ចុប្បន្ន​លើកលែងតែ​ប្រទេស​ភូមា​ចេញ​។ ប្រទេស​យូហ្គោស្លាវី​ (ពេលនោះ​ជា​ប្រធាន​ក្រុម​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ​)។ ប្រទេស៤ផ្សេងទៀត​៖ ប្រទេស​ឥណ្ឌា​ ជប៉ុន​ កាណាដា​ និង​អូស្រ្តាលី​។

*តើ​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​ ថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ១៩៩១​ បាន​ចែង​អំពីអ្វី​ខ្លះ​?

​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឆ្នាំ១៩៩១​ មិនមែន​ជា​កិច្ច​ព្រមព្រៀង​តែមួយ​ទេ​ គឺ​មាន​កិច្ច​ព្រមព្រៀង២​ និង​សេចក្តី​ថ្លែងការណ៍​មួយ​។

កិច្ច​ព្រមព្រៀង​ទី១​ ស្តីអំពី​ការ​ដោះស្រាយ​ជម្លោះ​នៅ​កម្ពុជា​ កិច្ច​ព្រមព្រៀង​នេះ​ មាន​សុពលភាព​ជាចម្បង​ទៅលើ​ភាគី​ទាំង​ ៤ នៅក្នុង​សង្រ្គាម​ស៊ីវិល​ខ្មែរ​ (រដ្ឋកម្ពុជា​, ហ្វ៊ុ​នស៊ិន​ប៉ិច​ រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ របស់​លោកតា​ សឺន​ សាន​ និង​ខ្មែរក្រហម​)។ ក៏ប៉ុន្តែ​ មកដល់​ពេល​បច្ចុប្បន្ន​នេះ​ គូភាគី​ជម្លោះផ្ទៃក្នុង​កម្ពុជា​ និង​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​ ត្រូវ​បាន​រំលាយ​អស់ទៅហើយ​ ដោយ​ខ្លះ​ត្រូវ​បាន​រលាយ​បាត់​រូប​ទាំងស្រុង​ (ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ ឬខ្មែរក្រហម​) ហើយ​ខ្លះទៀត​ត្រូវ​រំលាយខ្លួន​ ហើយ​បង្កើត​ទៅជា​គណបក្ស​នយោបាយ​ (គណបក្សប្រជាជន​កម្ពុជា​ គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​)។

ខ្លឹមសារ​សំ​ខាន់​ៗនៃ​កិច្ច​ព្រមព្រៀង​នេះ​ រួមមាន​ ការឈប់បាញ់​រវាង​ភាគី​ជម្លោះ​ ក្នុង​សង្រ្គាម​ស៊ីវិល​ខ្មែរ​ ការ​កាត់​រំសាយទ័ព​ការ​ដក​កងទ័ព​បរទេស​ចេញពី​កម្ពុជា​ (ដោយសារតែ​នៅក្នុង​អំឡុង​សង្រ្គាម​ស៊ីវិល​នោះ​ វៀតណាម​ដាក់​ទ័ព​នៅ​កម្ពុជា​ ដើម្បី​ជួយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ ក្នុង​ការ​ប្រយុទ្ធ​ជាមួយនឹង​ចលនាតស៊ូ​ នៅ​ជាយដែន​) ការរៀបចំ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​។

ការកំណត់​អាណត្តិ​របស់​អ៊ុន​តាក់​ ដើម្បី​មក​ពិនិត្យមើល​បទ​ឈប់​បាញ់​ រក្សា​សន្តិភាព​ និង​រៀបចំ​ការបោះឆ្នោត​ ទៅតាម​អ្វី​ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ជនភៀសខ្លួន​ខ្មែរ​ ជាពិសេស​ ពី​ជំរំ​ជនភៀសខ្លួន​នៅ​ជាយដែន​ខ្មែរ​-ថៃ​ ឲ្យ​វិលត្រឡប់​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ​ កំណត់​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​កម្ពុជា​ (រួមមាន​ដូចជា​ គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ការគោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន​ និង​គោលការណ៍​នីតិរដ្ឋ​ ជាដើម​)

កិច្ច​ព្រមព្រៀង​ទី២​ អំពី​ការគោរព​ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​ និង​អព្យា​ក្រឹត្យ​របស់​កម្ពុជា​ តាមរយៈ​កិច្ច​ព្រមព្រៀង​នេះ​ កម្ពុជា​ និង​ប្រទេស​ជា​ហត្ថលេខី​ផ្សេងទៀត​ មាន​កាតព្វកិច្ច​គោរព​ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​ និង​អព្យា​ក្រឹត្យ​គ្នា​ទៅវិញទៅមក​។

សេចក្តី​ថ្លែងការណ៍​ស្តីអំពី​ការ​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ​ តាមរយៈ​សេចក្តី​ថ្លែងការណ៍​នេះ​ ប្រទេស​ហត្ថលេខី​សន្យា​ផ្តល់​ជំនួយ​ ដើម្បី​ជួយ​ស្តារ​ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឡើងវិញ​។

*ក្នុងករណី​មានការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​ តើ​កិច្ច​ព្រមព្រៀង​នេះ​មាន​ចែង​អំពី​វិធានការ​អ្វីខ្លះ​?

នៅក្នុង​ករណី​មានការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​ គេ​អាច​កោះ​ប្រជុំ​ប្រទេស​ហត្ថលេខី​ឡើងវិញ​បាន​ ដើម្បី​ស្វែងរក​វិធានការ​សមស្រប​។

យោង​តាម​មាត្រា២៩​ នៃ​កិច្ច​ព្រមព្រៀង​ទី១​ (ស្តី​ពី​ការ​ដោះស្រាយ​ជម្លោះ​) អ្នក​ដែល​អាច​កោះ​ប្រជុំ​បាន​គឺ​សហប្រធាន​នៃ​សន្និសីទ​ក្រុងប៉ារីស​ (បារាំង​ និង​ឥណ្ឌូណេស៊ី​) ប៉ុន្តែ​ ការ​កោះ​ប្រជុំ​នេះ​អាច​ធ្វើ​ទៅ​បាន​លុះត្រាតែ​មាន​សំណើ​ពីអ​គ្គ​លេខាធិការ​អង្គការសហប្រជាជាតិ​។ ចំណែក​នៅក្នុង​កិច្ច​ព្រមព្រៀង​ទី២វិញ​ (ស្តី​ពី​ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​ និង​អព្យា​ក្រឹត្យ​របស់​កម្ពុជា​) គេ​មិនឃើញ​មាន​ចែង​អំពី​នីតិវិធី​ជាក់លាក់​ក្នុង​ការ​កោះ​ប្រជុំ​ប្រទេស​ហត្ថលេខី​នេះ​ទេ​។

មាត្រា៥​ នៃ​កិច្ច​ព្រមព្រៀង​ទី២​ បាន​ចែងថា​ ៖ ក្នុងករណី​មានការ​រំលោភ​ ឬគំរាម​រំលោភ​អធិបតេយ្យ​ ឯករាជ្យ​ បូរណភាព​… ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ត្រូវ​ធ្វើការ​ប្រជុំ​ជាបន្ទាន់​ ដើម្បី​ចាត់វិធានការ​សមស្រប​…។ វិធានការ​សមស្រប​ទាំងនេះ​អាច​ជា​ ការ​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​ ឬវិធានការ​ផ្សេងទៀត​ដែល​មាន​ចែង​ក្នុង​មាត្រា៣៣​ នៃ​ធម្មនុញ្ញ​សហប្រជាជាតិ​ (ចរចា​ ស៊ើបអង្កេត​ សម្របសម្រួល​ ផ្សះផ្សា​ មជ្ឈត្តកម្ម​ ដំណោះស្រាយ​តាមផ្លូវ​តុលាការ​…)៕